រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥


ភ្នំពេញ៖
នាព្រឹកថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយឡែកមន្ដ្រីរាជការនៅទីស្ដីក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលា តាមរយៈការអនុវត្តកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង ដោយសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ព្រមទាំងការលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះដែរ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញ ស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយមានការរំលេចនូវផែនការយុទ្ធសាស្ដ្រពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទជូនដល់អង្គប្រជុំ។ បន្ទាប់ពីបានពិនិត្យលើរបាយការណ៍ និងបទបង្ហាញរួចមក អង្គប្រជុំបានពិភាក្សា ផ្ដល់មតិយោបល់ និងធាតុចូលបន្ថែមទៀត លើរបាយការណ៍ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយផែនការដែលបានដាក់ចេញកាន់តែច្បាស់លាស់។

តាមរយៈរបាយការណ៍ដែលសម្រេចបាន ឯកឧត្ដមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផលគួរជាទីមោទនៈស្របតាមផែនការដែលបានដាក់ចេញ។ 

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានសម្ដែងនូវមោទកភាពចំពោះ "សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ" របស់កម្ពុជា-ថៃ ដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដោយមាន ឯកឧត្តម ដាតុ ស្រ៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ជាពិសេស ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើជាសាក្សីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ជាចុងក្រោយ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យបន្ដយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការសកម្មភាព តាមកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង ស្របតាមផែនការ និងដោយមានកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យបានសម្រេចសមិទ្ធផលកាន់តែច្រើនបន្ថែមទៀតជូនជាតិ និងប្រជាជន ៕























Previous Post Next Post