ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នៃសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តកំពង់ធំ និងក្រុងស្ទឹងសែន រួមជាមួយអាជ្ញាធរដែនដី បានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពអតីតយុទ្ធជនពិការ ដែលបានទទួលមរណភាពដោយរោគាពាធនៅពេលថ្មីៗនេះ នៅគេហដ្ឋានរបស់សព ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកអនុសេនីយ៍ទោ យិន ដាលីន នាយរងការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង តំណាងឲ្យក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា៖ លោក គួន គី ជាអតីយុទ្ធជនពិការ អាយុ ៦៥ឆ្នាំ មានឋានន្តសក្តិនាយចំណង់ អតីតនៅអង្គភាពកងវរសេនាតូចលេខ៥៥ យោធាខេត្តកំពង់ធំ លោកបានត្រូវរបួសពិការនៅសមរភូមិស្រុកស្ទោង ខេត្តកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោក គួន គី ដែលជាអតីតយុទ្ធជនពិការ ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ក្នុងសម័យសង្គ្រាមស៊ីវិល ការពារទប់ស្កាត់ មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញបាន ព្រមទាំងបានចូលរួមចំណែកជាប្រតិបត្តិករ នៃនយោបាយឈ្នះ ឈ្នះ របស់មួយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងអតីយុទ្ធជន កម្ពុជាទូទាំងប្រទេស ដែលផ្តោតសំខាន់លើការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង គិតទាំងការយកចិត្តទុកដាក់ ការសិក្សារៀនសូត្រ ការផ្តល់ការងារសមស្របសម្រាប់កូនចៅអតីតយុទ្ធជន និងនិវត្តន៍ជនយើង រួមទាំងការដោះស្រាយដីធ្លី និងផ្ទះសម្បែង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ដែលគ្មានដីគ្មានផ្ទះ ពិតប្រាកដផងដែរ។
នៅក្នុងឱកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងគោរពវិញ្ញាណក្ខន្ធសព អតីតយុទ្ធជនពិការ ឈ្មោះ គួន គី នេះដែរ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០រៀល និងគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារសពផងដែរ និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធលោក គួន គី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕













