ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឆ្លៀតនៅក្នុងឱកាសអញ្ជើញបំពេញបេសកម្មការងារនៅខេត្តកោះកុង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមដំណើរដោយឯកឧត្តម លី សារ៉េត អនុប្រធាន និងឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្រាលការលំបាកដល់ខ្នងផ្ទះជូនជនងាយរងគ្រោះបំផុត និងស្ត្រីទើបសម្រាលកូន សរុបចំនួន ១៥គ្រួសារ ដែលមានដូចជា ចាស់ជរាគ្មានទីពឹងចំនួន ៨នាក់ ពលរដ្ឋទីទ័លក្រលំបាកចំនួន ៣គ្រួសារ ជនពិការចំនួន ១នាក់ និងស្ត្រីទើបសម្រាលកូនចំនួន ៣គ្រួសារ ក្នុងនោះសង្កាត់ស្ទឹងវែង ១០ខ្នងផ្ទះ និងសង្កាត់ដងទង់ ៥ខ្នងផ្ទះ នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នៅក្នុងឱកាស លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្ដីនឹករឭក និងការអាណិតស្រលាញ់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវក៏បានបញ្ជាក់ថា ការចុះមកដល់ខ្នងផ្ទះនៅពេលនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានណែនាំឲ្យមន្ត្រីក្រោមឱវាទក្នុងឱកាសចុះបំពេញបេសកម្មការងារទៅដល់ទីកន្លែងណាក៏ដោយ ត្រូវចុះពិនិត្សស្វែងរកគ្រួសារឬជនងាយរងគ្រោះបំផុតដើម្បីបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ផ្ទាល់ដៃដល់ខ្នងផ្ទះតែម្ដង ហើយការនាំយកអំណោយមកជូនដល់ផ្ទាល់ដល់ខ្នងផ្ទះនេះគឺជាការលើកទឹកចិត្តនិងបញ្ជាក់ថាពួកគាត់មិននៅឯកោនិងមិនទទួលបានការយកចិត្តទុកដាក់ព្រមទាំងបណ្ដាលឲ្យមានការដាច់ស្បៀងនោះទេ ជាងនេះទៅទៀតការចុះមកដល់ខ្នងផ្ទះនេះដែរក៏ដើម្បីបានដឹងពីស្ថានភាពជីវភាពនិងការរស់នៅកាន់តែច្បាស់បន្ថែមទៀតព្រមទាំងដើម្បីបានបញ្ជ្រាបការផ្សព្វផ្សាយសារអប់រំសុខភាពនិងអនាម័យដោយផ្ទាល់ទៀតព្រោះថា ការអប់រំសុខភាពនិងអនាម័យដោយផ្ទាល់នេះគឺកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល ក្នុងនោះដូចជានៅពេលនេះដែរគឺមានប្រជាពលរដ្ឋងាយរងគ្រោះបំផុតមួយចំនួនគឺទាក់ទងបញ្ហាអនាម័យបរិស្ថានរស់នៅជុំវិញផ្ទះនិងនៅក្នុងផ្ទះមិនទាន់មានភាពល្អប្រសើរនោះទេប៉ុន្តែមួយចំនួនវិញទាក់ទងអនាម័យបរិស្ថានទាំងក្នុងទាំងក្រៅផ្ទះមានភាពល្អប្រសើរតែម្ដង។
ទន្ទឹមនឹងនេះក៏ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវហើយកុំដុតសំរាមពាសវាលពាសកាលជាពិសេសប្លាស្ទិកជាដើមដែលផ្សែងហុយរបស់វាហ្នឹងអាចបណ្ដាលឲ្យប៉ះពាល់ទៅដល់សុខភាពយើង។ ដោយឡែកសម្រាប់ស្ត្រីទើបសម្រាលកូន លោកជំទាវក៏បាននាំនូវសារអប់រំសុខភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ គឺសូមដល់ស្ត្រីជាមាតាទាំងអស់ ត្រូវទៅពិនិត្យសុខភាពទាំងម្តាយនិងទារក ពិសេសយកទារកទៅទទួលថ្នាំបង្កាជំងឺ១១មុខ តាមការកំណត់របស់គ្រូពេទ្យ។ ជាមួយគ្នានេះសូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ចាប់ពីកើតរហូតដល់ទារកអាយុ ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ។
អំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត ១កញ្ចប់ (មុង ភួយ សារុង ក្រមា) ម្សៅសាប៊ូ ១កញ្ចប់, សាប៊ូកក់សក់ ១ដប, សាប៊ូ ២ដុំ និងថវិកាមួយចំនួន ៕
















