ធនាគារពិភពលោកបន្តចូលរួមអភិវឌ្ឍកម្ពុជា ឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ធនាគារពិភពលោកបន្តចូលរួមអភិវឌ្ឍកម្ពុជា ឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០


ទីក្រុងគូឡាឡាំពួ៖
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោកបណ្ឌិតអនុប្រធានធនាគារពិភពលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។ 

លោកបណ្ឌិត ក៏បានសម្តែងនូវបំណងចង់ស្វែងយល់បន្ថែមអំពីវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ 

លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមាគ៌ាច្បាស់លាស់ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ខណ:ដែលពិភពលោកពោរពេញទៅដោយភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម។ 

លោកបណ្ឌិត បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ធនាគារពិភពលោកត្រៀមខ្លួនជានិច្ចដើម្បីបន្តសហការ និងចូលរួមជាមួយកម្ពុជា សំដៅជំរុញការសម្រេចទិសដៅរបស់កម្ពុជានាពេលអនាគត។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតសំខាន់ ជាអាទិ៍លើ៖ ១. វិស័យអប់រំ សម្រាប់អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ សំដៅជំរុញផលិតភាពការងារ។ ២. វិស័យហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើសកម្មភាពសេដ្ឋកិច្ច ជាពិសេសការលើកស្ទួយវិស័យដឹកជញ្ជូន និងភស្តុភារ។ ៣. ការធានាបាននូវការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ន កម្ពុជាប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២% និងប្ដេជ្ញាចិត្តក្នុងការបង្កើនឱ្យបាន ៧០% នៅឆ្នាំ២០៣០។ ៤. បច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម ដែលអនុញ្ញាតឱ្យកម្ពុជាអាចគ្រប់គ្រងបាននូវហានិភ័យ ក៏ដូចជាការជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរជាមួយនឹងប្រសិទ្ធភាពខ្ពស់ ផលិតភាពខ្ពស់ និងគុណភាពខ្ពស់ ៥. ការធានាបាននូវកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។ 

ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតីក៏បានសម្ដែងក្ដីរីករាយរងចាំទទួលស្វាគមន៍លោកបណ្ឌិតអនុប្រធានធនាគារពិភព នៅកម្ពុជា នាពេលខាងមុខដ៏ខ្លី ៕





Previous Post Next Post