គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល រួមគ្នាពិនិត្យសិក្សា លើសេចក្តី ព្រាងច្បាប់ ចំនួន៥ ឱ្យបានគ្រប់ជ្រុងជ្រោយនិង ប្រសិទ្ធភាពខ្ពស់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល រួមគ្នាពិនិត្យសិក្សា លើសេចក្តី ព្រាងច្បាប់ ចំនួន៥ ឱ្យបានគ្រប់ជ្រុងជ្រោយនិង ប្រសិទ្ធភាពខ្ពស់


ភ្នំពេញ៖
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធាន គណ:កម្មការ ព្រមទាំងតំណាងគណៈកម្មការនានារបស់រដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ និងសហការី ព្រមទាំងមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ ចំនួន៥។

សេចក្តីព្រាងច្បាប់ដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖ 
១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។
២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពី បម្លាស់ទីរូបវន្តបុគ្គល។
៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់។
៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា៖ កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំង៥នេះមិនមែនជាវេទិកាសួរដេញដោលអ្វីនោះទេគឺជាការរួមគ្នាពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់អោយបានគ្រប់ជ្រុងជ្រោយដើម្បីធ្វើយ៉ាងណាពេលដែលសេចក្តីព្រាងច្បាប់ទាំង៥នេះអនុម័តចេញទៅធ្វើការអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិ។

ទាក់ទងនឹងសេចក្តីព្រាងច្បាប់នេះ ឯកឧត្តម ហេង សួរ បានធ្វើការពន្យល់ពីអត្ថប្រយោជន៍ នៃសេចក្តីព្រាងច្បាប់ទាំង៥នេះ ដោយឯកឧត្តមបានពន្យល់ម្តងមួយៗ។ចំពោះ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដោយធានាការពារសុខភាពអ្នកប្រើប្រាស់ សម្រួលការធ្វើ ពាណិជ្ជ កម្ម ធ្វើឱ្យមានលំហូរម្ហូបអាហារមានសុវត្ថិភាពដោយសេរីនៅក្នុងរដ្ឋសមាជិក ពង្រឹងសមត្ថភាព សហ គ្រាសធុនតូចនិងមធ្យមរបស់កម្ពុជាកាត់បន្ថយការខាតបង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលកើតឡើង បណ្តាលមកពីម្ហូបអាហារគ្មានគុណភាពនិងសុវត្ថិភាពជំរុញឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយសមធម៌ និងលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀង អាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ សម្រួលដល់បម្លាស់ទីនិងលំហូរនៃបុគ្គលជំនាញនិងអ្នកចូលមកទស្សនកិច្ច ក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែល ជាផ្នែកសំខាន់មួយរបស់ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ក្នុងការសម្រេចបាននូវការធ្វើសមាហរណកម្មសេដ្ឋកិច្ចខ្ពស់ និងការផ្សាភ្ជាប់សេដ្ឋកិច្ចជាធ្លុងមួយ។ សេចក្តីព្រាងច្បាប់នេះធ្វើឱ្យតារាងសន្យាបម្លាស់ទីរូបវន្តបុគ្គល កាន់តែមានលក្ខណៈសាមញ្ញ និងមានទម្រង់រួម ដែលបង្កភាពងាយស្រួលដល់សាធារណជន ជាពិសេសធុរជន ការស្វែងយល់អំពីការសន្យារបស់ប្រទេសសមាជិកនីមួយៗ ដើម្បីអាចទទទួលផលប្រយោជន៍ពេញលេញ។

រីឯសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន កម្ពុជានឹងទទួលបានបានអត្ថប្រយោជន៍ដោយចូលរួមចំណែកលើកកម្ពស់តម្លាភាពនិងប្រសិទ្ធភាព នៅក្នុងការអនុវត្តជំពូក ស្តីពីវិធានដើមកំណើតទំនិញ ជាពិសេសវិធានជាក់លាក់សម្រាប់ផលិតផលសំដៅជំរុញការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង បង្កលក្ខណៈកាន់តែងាយស្រួលដល់ពាណិជ្ជករ ក្នុងការស្វែងរកលក្ខខណ្ឌដើម កំណើតទំនិញសម្រាប់ផលិតផលរបស់ខ្លួន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ចូលរួមពង្រឹងនិងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ សំដៅធានាលំហូរទំនិញដោយរលូន និងឆាប់រហ័សរវាងប្រទេសជាសមាជិកដើម្បីឆ្លើយតបតាមតម្រូវការនិងការវិវត្តនៃសេដ្ឋកិច្ចតំបន់និងសកល។ ពាក់ព័ន្ធនឹង  សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀង បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ កម្ពុជានឹងទទួលនូវបានអត្ថប្រយោន៍ដោយពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច ដែលទទួលបានពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មទីផ្សារការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសាកលសម្រួលដល់ពាណិជ្ជកម្មនិងវិនិយោគ និងការធានាភាពប្រកួតប្រជែង ដោយតម្លាភាពជាដើម ដែលអនុវត្តដោយគ្រប់បណ្តាភាគីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែទូលំទូលាយ ដែលជាកត្តាវិជ្ជមាន ក្នុងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស បង្កើនចំណូលជាតិ និងរួមចំណែកដល់កំណើនផលិតផលជាតិសរុប តាមរយៈការកសាងទំនុកចិត្តទៅលើ បរិយាកាសធុរកិច្ចនិងបទប្បញ្ញត្តិ និងការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ បង្កើនថវិកាជាតិតាមរយៈចំណូលសារពើពន្ធ ការប្រមូលពន្ធអាករពីសកម្មភាពពាណិជ្ជកម្មនានានៅក្នុងប្រទេស។ ពង្រឹងសក្តានុពលកម្លាំង ពលកម្មនិងសហគ្រិនភាពក្នុងស្រុកតាមរយៈឱកាសកាន់តែច្រើនក្នុងការទទួលបានបទពិសោធន៍ការផ្ទេរចំណេះដឹងជំនាញបច្ចេកវិទ្យានិងបំណិនអាជីវកម្ម ទទួលបាននូវជម្រើសទំនិញនិងសេវាកម្មកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ប្រកបដោយតម្លៃសមរម្យនិងភាពប្រកួតប្រជែង។

ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ គឺគាំទ្រគោលនយោបាយនិងនិន្នាការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធីតាមរយៈយន្តការសន្ធានកម្ម សម្របសម្រួលដោយភាគីទីបីដែលជាមធ្យោបាយអាចជឿទុកចិត្តបាននិងមានប្រសិទ្ធភាពដើម្បីដោះស្រាយភាពខុសគ្នាដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិយុត្តិធម៌ និងគោលការណ៍ឈ្នះឈ្នះ ផ្តល់ភាពបត់បែននិងជម្រើសបន្ថែមដល់កម្ពុជាក្នុងការនាំវិវាទរបស់ខ្លួនទៅដោះស្រាយនៅក្រោមក្របខ័ណ្ឌអន្តរជាតិ ដោយហេតុថាដំណើរការសន្ធានកម្ម របស់អង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ត្រូវផ្តើមឡើងតាមការព្រមព្រៀងគ្នារវាងគូភាគីវិវាទមុនឬក្រោយវិវាទកើតឡើងនិងស្របតាមគោលការណ៍ស្ម័គ្រចិត្ត មិនលម្អៀង សុទ្ធចិត្ត ប្រសិទ្ធផល និងប្រសិទ្ធភាពនៃការចំណាយកម្ពុជាមានសិទ្ធិចាត់តាំងតំណាងរបស់ខ្លួនចូលរួមជាសមាជិកក្រុមប្រឹក្សាភិបាលដែលជាអង្គសម្រេចចិត្តរបស់អង្គការអន្តរជាតិសម្រាប់សន្ធានកម្មហើយដែល មានសិទ្ធិចូលរួមប្រជុំបោះឆ្នោត និងចូលរួមការសម្រេចចិត្តនានារបស់អង្គការនេះស្របតាមបទប្បញ្ញត្តិរបស់អនុសញ្ញានេះជួយសម្រាលបន្ទុកនៅតាមសាលាជម្រះក្តីតុលាការតាមរយៈការបង្វែរការដោះស្រាយវិវាទមួយចំនួនចេញពីតុលាការ ជាពិសេសវិវាទពាណិជ្ជកម្ម និងវិនិយោគ ផ្តល់ជម្រើសបន្ថែមសម្រាប់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផ្តល់នូវភាពប្រាកដប្រជាសម្រាប់ការដោះស្រាយវិវាទតាមសន្ធានកម្មក្នុង ក្របខ័ណ្ឌអន្តរជាតិ ជួយសម្រួលដល់ការអនុវត្តកិច្ចព្រមព្រៀងសះជាដែលសម្រេចបានតាមរយៈ សន្ធានកម្ម ជំរុញឱ្យសន្ធានកម្មក្លាយទៅជាយន្តការដោះស្រាយវិវាទដ៏មានប្រសិទ្ធភាពជួយបង្កើនភាពប្រកួតប្រជែងនិងផ្តល់នូវការទាក់ទាញដោយប្រយោលលើវិស័យ ពាណិជ្ជកម្មនិងវិនិយោគតាមរយៈការផ្តល់យន្តការដោះស្រាយវិវាទដែលកំពុងពេញនិយមទទួលបានការបណ្តុះបណ្តាលកសាងសមត្ថភាព ការចែករំលែកបទពិសោធ និងឧត្តមានុវត្តអន្តរជាតិពាក់ព័ន្ធនឹងការធ្វើសន្ធានកម្មអន្តរជាតិ។

គួរជម្រាបថា៖ នៅក្នុងការពិភាក្សាយ៉ាងលម្អិតជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ មានការសួរ បកស្រាយឆ្លើយបំភ្លឺលើបញ្ហាមួយចំនួន។ ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវ: ដែលបានធ្វើនូវសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ។ សេចក្តីព្រាងច្បាប់ខាងខាងលើ ត្រូវបានគណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចឯកភាពជាមួយតំណាងរាជរដ្ឋាភិបាលហើយនឹងត្រូវធ្វើសេចក្តីរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីគោរពស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំជាវិសាមញ្ញនាពេលខាងមុខនេះ ៕


















Previous Post Next Post