កោះកុង៖ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជំនួបពិភាក្សាជាមួយ ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីសិក្សាឈ្វេងយល់ អំពី “ការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌របស់អាជ្ញាធរខេត្ត”។
លោកជំទាវអភិបាលខេត្ត បានលើកឡើងដោយសង្ខេបអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រនៅក្នុងខេត្តកោះកុងដូចខាងក្រោម ខេត្តកោះកុង មានចម្ងាយ២៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ ខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រថៃ និងប្រទេសថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់។
ដែនដីរដ្ឋបាលខេត្តកោះកុង ចែកជា ១ក្រុងមាន ៣សង្កាត់ ៦ស្រុក មាន២៦ឃុំ និងមានភូមិចំនួន ១១៩ភូមិ។ គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥ នេះ នៅទូទាំងខេត្តមានគ្រួសារសរុបចំនួន ៣៦,៦០៨គ្រួសារ មានប្រជាជនសរុបចំនួន ១៥៦,១០៧នាក់ ក្នុងនោះស្រីមានចំនួន ៧៨,៧២២នាក់ និងមានដង់ស៊ីតេប្រជាជន ១៥នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។
ខេត្តកោះកុងទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែត្រូវ បានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងនេះ តាមរយៈសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា និងដោយមានកិច្ចសហការជាមួយរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យខេត្តកោះកុងទាំងមូល រក្សាបាននូវសន្តិសុខ ការងារសេដ្ឋកិច្ចសង្គមត្រូវបានលើកកម្ពស់ និងការដោះស្រាយបញ្ហាប្រឈម នានា នៅមូលដ្ឋានភាពមានភាពល្អប្រសើរ តាមរយៈការអនុវត្តតាម គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល។
ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ពិសេសជាសេនាធិការជូនក្រសួងមហាផ្ទៃ លោកជំទាវអភិបាលខេត្តកោះកុង បានរាយការណ៍អំពីសមិទ្ធផលការងារដែលសម្រេចបាន នាពេលកន្លងមកក្នុង ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកោះកុង ដូចខាងក្រោម៖
-បានថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានល្អប្រសើរ ជូនប្រតិភូជាតិ អន្តរជាតិ វិនិយោគិន អ្នកធុរកិច្ច ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្ត
-បាននិងកំពុងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដោយបានបើកវគ្គបណ្តុះបណ្តាលដូចជា៖ វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម និងវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល
-បាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តគ្រប់ប្រភេទ
-ថែរក្សា និងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព
-អភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមសក្តានុពលខេត្ត-ខិតខំដោះស្រាយបញ្ហាលំបាក និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ
-ខិតខំបម្រើសេវាសាធារណៈ និងសេវារដ្ឋបាលឱ្យបានល្អប្រសើរ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានបន្តពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ អនុក្រឹត្យ គោលនយោបាយ និងលិខិតបទដ្ឋាននានា ដែលមានជាធរមាន និងបានបន្តគាំទ្រការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពក្នុងដែនសមត្ថកិច្ចខេត្តកោះកុង ក្នុងនោះកិច្ចការដែលជាអាទិភាព គឺការពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លិខិតបទដ្ឋានពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ និងគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
ចំពោះការទំនាក់ទំនងរវាងរដ្ឋបាលខេត្ត ជាមួយនឹងសាលាដំបូងនិងអយ្យការអមសាលាដំបូង មានកិច្ចសហការយ៉ាងល្អប្រសើរ និងពុំមានបញ្ហាប្រឈមអ្វីគួរឱ្យកត់សម្គាល់ឡើយ ៕
















