កម្ពុជាពង្រឹង «ការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា»
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជាពង្រឹង «ការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា»


ភ្នំពេញ៖
«ពង្រឹងការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា» គឺជាប្រធានបទសិក្ខាសាលាស្តីពីការអនុវត្តវិធានការបញ្ជ្រាបយេនឌ័រតាមវិស័យ និងសូចនាករសមិទ្ធកម្មគន្លឹះក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ (NDC-3.0) ដែលប្រព្រឹត្តិទៅ នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក Anthony Gill ប្រធានផ្នែកប្រតិបត្តិប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបង្ក្រាបយេនឌ័រ (GMAGs) និង ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ (CCTWGs) ជាច្រើននាក់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) បានដាក់ជូនអង្គការសហប្រជាជាតិ រួចហើយដើម្បីបង្ហាញតម្រូវការនិងទំហំសកម្មភាពការងាររបស់កម្ពុជា ដែលបានកំពុងអនុវត្ត យ៉ាងសកម្ម ដើម្បីបង្ហាញមហិច្ឆតាកាត់បន្ថយនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកសាងភាពធន់ និងឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវមហិច្ឆិតាទាំងនេះ មធ្យោបាយនៃការអនុវត្តគឺចាំបាច់ត្រូវបង្ហាញ និងអនុវត្តនូវសកម្មភាពមួយចំនួន រាប់ចាប់ពីការកសាងសមត្ថភាព និងអភិបាលកិច្ចល្អ រហូតដល់ការផ្ទេរបច្ចេកវិទ្យា និងពង្រឹងហិរញ្ញប្បទានអាកាសធាតុ។ 

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ដែរថា កម្ពុជាគឺជាប្រទេសងាយរងគ្រោះ នឹងរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលផលប៉ះពាល់ទាំងនោះ បានកើតមានលើស្រ្តី ក្មេងស្រី និងសហគមន៍។ ផែនការជាតិ NDC 3.0 បានកំណត់យ៉ាងច្បាស់ពីសកម្មភាព និងសូចនាករ តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥% នៅឆ្នាំ២០៣៥ និង បានកំណត់យកសកម្មភាពអាទិភាព នៅក្នុងវិស័យចម្បងៗចំនួន៦ រួមមាន វិស័យឧស្សាហកម្ម វិស័យថាមពល វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំណល់សំរាម ហើយនៅក្នុងវិស័យទាំងនោះ ក៏បានដាក់រួមបញ្ចូលបរិបទយេនឌ័រ (Gender) និងការចូលរួមពីក្រសួងកិច្ចការនារី ដើម្បីដោះស្រាយបញ្ហារួមគ្នាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាបានកំពុងបំពេញកាតព្វកិច្ចក្នុងនាមរដ្ឋភាគី ដើម្បីពង្រឹងកិចច្ចសហប្រតិបត្តិការ ភាពជាដៃគូជាតិ និងអន្តរជាតិ ការចូលរួមពីវិស័យឯកជន និងរួមទាំងប្រទេសអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។  

«នោះយើងអាចប្រែក្លាយភាពងាយរងគ្រោះទៅជាកាលានុវឌ្ឍភាព ដោយធានាថា ប្រជាពលរដ្ឋរបស់យើងមិនត្រឹមតែអាចរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជីវភាពរីកចម្រើនរុងរឿងទៀតផង។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែមក្នុងឱកាសនោះ។

សូមបញ្ជាក់ថា កម្ពុជាទទួលបានការសាទរ និងការលើកទឹកចិត្តពីដៃគូអន្តរជាតិដោយចាត់ទុក NDC 3.0 របស់កម្ពុជាជាគំរូ និងមានសក្តានុពលសម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍ផ្សេងទៀតដកពិសោធន៍តាម។ NDC 3.0 បានបង្ហាញពីសកម្មភាពជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដែលកម្ពុជានឹងត្រូវលើកឡើង នៅក្នុងកិច្ចប្រជុំលើកទី៣០ នៃរដ្ឋភាគីសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30 ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសប្រេស៊ីល នាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ដែលអាចកៀរគរ បង្កើតទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូអភិវឌ្ឍន៍ ឱ្យមានការចូលរួមដោះស្រាយបញ្ហាអាកាសធាតុសាកល ៕













Previous Post Next Post