កម្ពុជា និងហ្វីលីពីន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា និងហ្វីលីពីន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត


ទីក្រុងគូឡាឡាំពួ៖
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានរំលឹកឡើងវិញនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា របស់ឯកឧត្តមប្រធានាធិបតី Marcos កាលពីខែកញ្ញាកន្លងទៅនេះ។ 

សម្ដេចបវរធិបតីបានថ្លែងអំណរគុណជូនហ្វីលីពីន ដែលបានគាំទ្រឱ្យមានដំណោះស្រាយដោយសន្តិវិធី លើជម្លោះព្រំដែនរវាង កម្ពុជា និងថៃ និងបានចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។

ព្រមជាមួយគ្នានោះ សម្ដេចបវរធិបតីបានជម្រាបជូនថា ឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានចុះហត្ថលេខារួចហើយ។ 

ក្នុងន័យនេះ សម្ដេចបវរធិបតីសង្ឃឹមថា ហ្វីលីពីននឹងបន្តគាំទ្រ និងចូលរួមក្នុងយន្តការ AOT នេះ។ សម្ដេចបវរធិបតីបានជម្រាបជូនបន្ថែមថា កម្ពុជា និងថៃ នឹងចុះហត្ថលេខានៅលើសេចក្ដីថ្លែងការណ៍រួមមួយ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងឯកឧត្តមនាយករដ្ឋមន្រី្ត ម៉ាឡេស៊ី Anwar Ibrahim ចូលរួមជាសាក្សី។ 

ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតីបានគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីការគាំទ្ររបស់កម្ពុជា ចំពោះហ្វីលីពីន ដែលនឹងក្លាយជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ 

ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានថ្លែងអំណរគុណកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់រូបឯកឧត្តម នៅកម្ពុជា នាពេលថ្មីៗនេះ។ 

ឯកឧត្តមប្រធានាធិបតី ក៏បានសម្ដែងនូវក្ដីរីករាយដែលបានឃើញនូវការវិវត្តដ៏វិជ្ជមានក្នុងកិច្ចប្រឹងប្រែងដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ជាពិសេស ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនាថ្ងៃនេះ។ 

ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា ហ្វីលីពីននឹងបន្តចូលរួមគ្រប់យន្តការ តាមសំណូមពររបស់កម្ពុជា សំដៅធានាឱ្យបាននូវសុខសន្តិភាពតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។ 

ព្រមជាមួយគ្នានោះ ឯកឧត្តមប្រធានាធិបតី បានជម្រាបជូនអំពីអាទិភាពរបស់ហ្វីលីពីន ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ាន ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ 

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែមទៀត ស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅប្រទេសហ្វីលីពីន នាខែកុម្ភៈ និងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី នៅប្រទេសកម្ពុជា នាខែកញ្ញា កន្លងមក។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាតំបន់មួយចំនួនផងដែរ ៕






Previous Post Next Post