ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់អាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ និងដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាធានាសុខុមាលភាព ជាពិសេសជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពលករ។ ឯកឧត្តម ប៉ែន កុសល្យ ក៏បានណែនាំបន្ថែមឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ គិតគូរស្វែងរកការងារជូនពួកគាត់ សម្រាប់បងប្អូនពលករណា ដែលមានបំណងចង់មានការងារធ្វើនៅស្រុកកំណើតរបស់ពួកគាត់។
ការណែននាំរបស់ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ ទៅចែកជូនពលករខ្មែរសរុបចំនួន ៦៦៩នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ កំពុងរស់នៅស្រុកកំណើតរបស់ខ្លួនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីនេះធ្វើឡើងនៅស្រុកមេមត់ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ។
ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានលើកឡើងថា ជាមួយការយកចិត្តទុក្ខដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ ជាពលករដែលបានត្រឡប់មកពីប្រទេសថៃ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រដ្ឋបាលខេត្តត្បូងឃ្មុំ តែងបានយកចិត្តទុកដាក់ខ្ពស់ និងដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាធានាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ដោយមិនប្រកាន់សាសនា និន្នាការនយោបាយនោះឡើយ។ ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បងប្អូនប្រជាពលករ ក៏បានសម្តែងការសប្បាយរីករាយ និងបង្ហាញបំណងក្នុងការបន្តរស់នៅស្រុកកំណើតរបស់ខ្លួនវិញ វាអាចប្រសើរជាងការរស់នៅចំណាកស្រុកឯប្រទេសដ៏ទៃ។
សូមជម្រាបថា បន្ទាប់ពីបញ្ហាព្រំដែនរវាងភាគីថៃ ដែលបានឈ្លានពានទឹកដីមកលើកម្ពុជាយើង បងប្អូនពលករ ដែលធ្លាប់បម្រើការងារនៅប្រទេសថៃបាននាំគ្នាធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញជាបន្តបន្ទាប់ ដោយទទួលបានការជួយសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងក្រសួងជំនាញ ជាពិសេសរដ្ឋបាលខេត្ត ប្រកបដោយភាពកក់ក្តៅ និងមានទំនុកចិត្តខ្ពស់។
ចំពោះអំណោយដែលនាំមកប្រគល់ជូនបងប្អូនពលករដែលវិលពីប្រទេសថៃចំនួន ៦៦៩នាក់ ក្នុងម្នាក់ៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ, ទឹកបរិសុទ្ធ ១យួរ និងថវិកាមួយចំនួនផងដែរ ៕
















