ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យប្រឡាយនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ និងបន្តពិនិត្យមើលប្រឡាយចំការឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជំរុញឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ធ្វើការស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងនាភូមិដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះ។
ក្រោយ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ស្តារប្រឡាយ ក្នុងភូមិចាក់ជ្រូក និងស្តារប្រឡាយ ក្នុងភូមិចំការឪឡឹក ក្នុងសង្កាត់ចោមចៅទី៣ និងក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ សំដៅធ្វើយ៉ាងណារំដោះទឹក កុំឱ្យលិចលង់នៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសនៅតំបន់ដងនង្គល។
ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញ ចុះពិនិត្យនិងសិក្សាបន្ថែម ដើម្បីដាក់លូប្រអប់ នៅចំណុចផ្លូវឆ្លងកាត់។ ក្រោយការសិក្សាបានលម្អិតហើយ នៅរដូវប្រាំងខាងមុខនេះ ការដ្ឋានដាក់លូប្រអប់នេះ នឹងចាប់ផ្តើមការដ្ឋានតែម្តង ៕








