ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
សារលិខិតគោរពជូនពររបស់ឯកឧត្តម ឆាយ ឫទ្ធិសែន មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃខួបចម្រើនជន្មាយុគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមអភិវន្ទសម្តែងនូវមនោសញ្ចេតនាគោរពស្រលាញ់ ដ៏ស្មោះស្ម័គ្របំផុត និងសូមគោរពជូនពរជ័យសិរីមង្គល បវរមហាប្រសើរជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ កាយពលមាំមួនបញ្ញាញាណវាងវៃ និងមាន ជន្មាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាពរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលជាឥស្សរជននយោបាយកំពូលរបស់ជាតិ ដែលបានពលិកម្មគ្រប់បែបយ៉ាងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ប្រកបដោយភាពប៉ិនប្រសប់ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងការកសាង និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែ មានភាពរីកចម្រើន ជឿនលឿន ខ្លាំងក្លា ល្បីរន្ទឺទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ តាមរយៈការលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការធ្វើកំណែទម្រង់រដ្ឋស៊ីជម្រៅ លើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមនានា ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូតមក។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំទាំងអស់គ្នា» ៕


