ឯកឧត្តមបណ្ឌិត កៅ ថាច៖ របរកសិកម្ម ជារបរប្រកបដោយភាពថ្លៃថ្នូរ មានកិត្ដិយស ព្រោះកសិករយកញើសឈាមមកប្តូរ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច៖ របរកសិកម្ម ជារបរប្រកបដោយភាពថ្លៃថ្នូរ មានកិត្ដិយស ព្រោះកសិករយកញើសឈាមមកប្តូរ


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល។

នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពញាឮ ដែលមានអ្នកចូលរួមសរុបប្រមាណ ៥៩៤នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើងដែលកន្លងមកតែងតែជួបប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈដែលការព្រួយបារម្ភដូចៗគ្នា (១). លើការប្រែប្រួលអាកាសធាតុ, (២). បញ្ហាតម្លៃ និងគុណភាពនៃធាតុចូលកសិកម្មជីថ្នាំ, (៣). ផលិតផលគ្មានទីផ្សារ, (៤). កម្ចីដែលមានអត្រាការប្រាក់ខ្ពស់​ និង(៥). តម្លៃកសិផលមិនមានស្ថិរភាព។

ឯកឧត្តមបណ្ឌិត កៅ ថាច បានចង្អុលបង្ហាញពីរបៀបនៃការកាត់បន្ថយថ្លៃដើមដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពនោះ គឺការបង្កើនទិន្នផល តាមរយៈការប្រើប្រាស់ពូជមានទិន្នផលខ្ពស់​ និងកសិករត្រូវយកចិត្តទុកដាក់ថែទាំដំណាំ​ដូចថែទាំមនុស្ស​ និងត្រូវយល់ដឹងថាពេលវេលាឬម៉ោងណាដំណាំត្រូវការទឹកឬជី​ និងប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតអោយចំពេលវេលា​ ជាដើម។ 

ឯកឧត្តមបណ្ឌិតប្រតិភូ បានពន្យល់បង្ហាញពីបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ ដោយបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ តែជាបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិតែម្តង។ យោងតាមរបាយការណ៍អាកាសធាតុពិភពលោក ដែលបានព្យាករណ៍ថាក្នុងឆ្នាំ២០២៥ នឹងមានគ្រោះធម្មជាតិ បង្កឱ្យប្រទេសមួយចំនួនមានការព្រួយបារម្ភចំពោះបញ្ហាសន្ដិសុខស្បៀង ហើយបានបញ្ជាទិញអង្ករក្នុងឆ្នាំ២០២៤ យ៉ាងច្រើនទើបការប្រើប្រាស់ក្នុងឆ្នាំ២០២៥ មិនទាន់អស់ ឧទាហរណ៍ដូចជាប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន។
 
ឯកឧត្តមបណ្ឌិតប្រតិភូ បានមានអនុសាសន៍ទៀតថា របរកសិកម្ម ជារបរប្រកបដោយភាពថ្លៃថ្នូរ មានកិត្ដិយស ព្រោះកសិករយកញើសឈាមមកប្តូរ។ របរកសិកម្ម អាចបម្រើ និងចិញ្ចឹមប្រជាជនកម្ពុជាមួយប្រទេស និងមនុស្សក្នុងពិភពលោក ដែលកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រមាណជាង ៦០ប្រទេស។ ហេតុដូច្នេះ យើងពិតជាមានមោទនភាព ដែលបានចាប់យករបរកសិកម្មនេះ។ បន្ដទៅមុខ ប្រជាកសិករមានភារៈកិច្ចផលិតឲ្យមានគុណភាព សុវត្ថិភាព និងថ្លៃដើមផលិតទាប​ ដែលនាំអោយមានភាពប្រកួតប្រជែងខ្ពស់​ ហើយអាចលក់ចេញបានក្នុងតម្លៃសមរម្យនិងចំណេញ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានចង្អុលបង្ហាញពីសារៈសំខាន់នៃរបៀបក្នុងការធ្វើកសិកម្មបែបសហគ្រិនភាពដែលបងប្អូនប្រជាកសិករគួរផ្លាស់ប្តូរទម្លាប់តាមបែបថ្មី ដែលត្រូវសិក្សាពីថ្លៃដើមផលិតឱ្យច្បាស់លាស់ ទើបយើងអាចរកផលចំណេញឃើញ។ ជាពិសេសការពង្រឹងផលិតផលរបស់ខ្លួនឱ្យមានគុណភាព មានបច្ចេកទេសត្រឹមត្រូវ និងតម្លៃទាប​ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។

ចុងក្រោយ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានអំពាវនាវឱ្យបងប្អូនកសិករ ចូលរួមជាសមាជិកសមាគមបណ្តាញកសិករតេជោ ឱ្យក្លាយជាបណ្ដាញដ៏ធំមួយ ជួយគ្នាទៅវិញទៅមកដើម្បីប្រជាកសិករទូទាំងប្រទេស។
 
សមាគមបណ្ដាញកសិករតេជោ បង្កើតឡើងដើម្បី ទី១. ជាស្ពានផ្ដល់ឱ្យប្រជាកសិករនូវព័ត៌មានផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងការទទួលបានបច្ចេកទេស, ទី២. ចម្លងសម្លេងប្រជាកសិករទៅស្ថាប័នដែលមានសមត្ថកិច្ច  និងទី៣. ជាខែល ឬឆ័ត្រសម្រាប់ប្រជាកសិករជ្រក ពោលគឺជួយការពារផលប្រយោជន៍ប្រជាកសិករ មិនឱ្យការរំលោភបំពាន គៃចំណេញឡើយ ៕

















Previous Post Next Post