ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារទឹកស្អាត និងតម្លៃសេវាទឹកស្អាត នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ មន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋផងដែរ។
បន្ទាប់ពីឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការបញ្ជាក់អំពី ការងារបច្ចេកទេសក្នុងផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងបញ្ហាប្រឈមនានាជូនដល់អង្គប្រជុំរួចមក ឯកឧត្តម គួច ចំរើន បានស្នើដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជា រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ សូមសម្របសម្រួលគ្នា ខិតខំស្វែងរកដំណោះស្រាយមួយដែលសមស្រប អាចទទួលយកបានទាំងអស់គ្នា។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលប្រឈម ទៅមើលដល់កន្លែងផលិតទឹក ស្វែងយល់អំពីការផលិត និងការចំណាយថ្លៃដើមក្នុងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីមានមូលដ្ឋានក្នុងការប្រជុំដោះស្រាយនៅពេលខាងមុខឱ្យទទួលបានលទ្ធផលដែលអាចទទួលយកបានទាំងអស់គ្នា ៕


















