ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដែលដឹកនាំដោយឯកឧត្តម វ៉ាថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ហឹង ណារី ជាអនុប្រធាន រួមនិងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារកងទ័ពជួរមុខ ចំនួន ១៤២គ្រួសារទៀត រស់នៅក្នុងឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ នាថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានពាំនាំនូវព្រះបណ្ដាំរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត និងប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ជាមួយគ្នានេះ ឯកឧត្តម វ៉ា ថន ក៏បានផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋទាំងអស់៖ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ មើលថែទាំកូនតូច ដែលគ្រប់អាយុឱ្យចូលរៀនបានគ្រប់គ្នា ដើម្បីជាការចេះដឹងនឹងគេ និងជាការផ្តល់ឱ្យកាសនៃអនាគតរបស់កូន យ៉ាងហោចណាស់ រៀនចប់ត្រឹមបាក់ឌុប ដើម្បីងាយស្រួលការរកការងារធ្វើ, ធ្វើលំហាត់ប្រាណ បោសសម្អាតបរិស្ថានជុំវិញផ្ទះជាប្រចាំ បង្ការជម្ងឺនានា ហូបចុកប្រុងប្រយ័ត្ន តមជាតិប្រៃ ផ្អែម និងខ្លាញ់, ខិតខំដាំដំណាំរួមផ្សំ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ, ពេលឈឺទៅពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ, កុំហូបទឹកឆៅ មានប្រភពមិនច្បាស់ ខ្លាចពុលពីការប្រើថ្នាំកសិកម្មផ្សេងៗ, ត្រូវចេះជីកអណ្តូងសម្រាប់ស្តុបទឹកទុក ដើម្បីសម្រួលប្រភពទឹកប្រកបដោយសុវត្ថិភាពប្រភពត្រឹមត្រូវ ហើយមុនការធ្វើចរាចរណ៍ សូមប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងត្រូវអប់រំណែនាំកូនចៅ ឱ្យជៀងវាងការសែពគប់មិត្តភក្តមិនល្អ ឬមិត្តប្រើប្រាស់គ្រឿងញៀន ដែលអាចបង្ករផលលំបាកដល់ខ្លួន និងសង្គមគ្រួសារ។
សូមបញ្ជាក់ដែរថា៖ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នឹងបន្តនាំយកអំណោយមនុស្សធម៌មកប្រគល់ជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារកងទ័ពជួរមុខ ដែលជួបការលំបាក នៅក្នុងស្រុកស្នួល ចំនួន ៣៧គ្រួសារទៀត នៅថ្ងៃទី៣ ខែតុលា ស្អែកនេះ ផងដែរ ៕
















