ក្នុងកិច្ចប្រជុំចតុភាគី, ប្រមុខការទូតកម្ពុជា ថ្លែងថា យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្នុងកិច្ចប្រជុំចតុភាគី, ប្រមុខការទូតកម្ពុជា ថ្លែងថា យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ


ភ្នំពេញ៖
នាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី។ អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់អន្តរជាតិ។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយន័យស្ថាបនា ក្នុងការសម្របសម្រួលកិច្ចប្រជុំចតុភាគីនេះ។ 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធិភាព លើលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងគណៈកម្មាការចម្រុះព្រំដែន (JBC) ដោយបានសង្កត់ធ្ងន់ថា ភាពសុទ្ធចិត្ត  ត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែង។ 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ «ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង» ...។ 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា «កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ។ យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់  ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង»។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម។ 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួមដើម្បីស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ ៕






Previous Post Next Post