ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការជំរុញដល់អាជ្ញាធរក្រុង-ស្រុក រួមនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៃរដ្ឋបាលខេត្តតាកែ ត្រូវបន្តការយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យបានល្អប្រសើរថែមទៀត ដើម្បីធានាសុវត្ថិភាព និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តតាកែវ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោក ស៊ុត ខុន អភិបាលរងខេត្ត កងម្លាំងទាំង៣ ប្រធានមន្ទីរជុំវិញខេត្ត អភិបាល ក្រុង ស្រុក អធិការនគរបាល ក្រុង ស្រុក រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម អ៊ូច ភា បានថ្លែងថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងគតិបណ្ឌិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ពិសេសក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្តិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ និងដាក់ចេញយុទ្ធសាស្រ្តគន្លឹះសំខាន់ៗសម្រាប់អនុវត្ដលើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ដើម្បីរួមចំណែកលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ដិភាពបានកាន់តែល្អប្រសើរ ផ្ដល់ទំនុកចិត្តដល់ពលរដ្ឋ គប្បីអាជ្ញាធរ រួមនឹងសមត្ថកិច្ច អ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមឲ្យសកម្ម ពិសេសត្រូវបង្កើនការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ចោរលួច ឆក់ប្លន់ និងបទល្មើសផ្សេងៗទៀតដែលបង្កអសន្ដិសុខដល់សង្គមជាតិ ឲ្យអស់ពីក្នុងមូលដ្ឋាន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងឈានឆ្ពោះទៅក្នុងចលនាប្រលងប្រណាំងភូមិឃុំ-សង្កាត់មានសុវត្ថិភាពដែលក្រសួងមហាផ្ទៃបានរៀបចំប្រកួតប្រជែងជារៀងរាល់ឆ្នាំ ៕

















