ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញយុវជនគណបក្សនៅហាមីលតុន នូវ៉ែលហ្សេឡង់៖ «ភក្តីភាពចំពោះបក្ស គឺការការពារសន្តិភាព!» ព្រមទាំងអំពាវនាវឲ្យពលរដ្ឋខ្មែរនៅបរទេស នាំយកទុន និងជំនាញឯកទេស មកចូលរួមអភិវឌ្ឍមាតុភូមិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញយុវជនគណបក្សនៅហាមីលតុន នូវ៉ែលហ្សេឡង់៖ «ភក្តីភាពចំពោះបក្ស គឺការការពារសន្តិភាព!» ព្រមទាំងអំពាវនាវឲ្យពលរដ្ឋខ្មែរនៅបរទេស នាំយកទុន និងជំនាញឯកទេស មកចូលរួមអភិវឌ្ឍមាតុភូមិ


នូវ៉ែលហ្សេឡង់៖
នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារតំបន់៥ (អូស្ត្រាលី-នូវ៉ែលហ្សេឡង់) នៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសសមាភាពគណៈកម្មាធិការសាខាបក្ស និងប្រកាសសមាសភាពយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងហាមីលតុន ប្រទេសនូវ៉ែលហ្សេឡង់។

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់សុន្ទរកថាដ៏មានអត្ថន័យជ្រាលជ្រៅ ដោយផ្តោតលើការពង្រឹងសាមគ្គីភាព និងការចូលរួមរបស់យុវជនក្នុងការបន្តបេសកកម្មប្រវត្តិសាស្ត្ររបស់គណបក្ស។

ឯកឧត្តមបណ្ឌិត កៅ ថាច បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅបំផុតពីថ្នាក់ដឹកនាំគណបក្ស និងបានរំលឹកគុណូបការៈដល់ការលះបង់ដ៏ធំធេងក្នុងការកសាងក្រុមការងារតំបន់៥ លើកដំបូង ដើម្បីបង្រួបបង្រួមពលរដ្ឋខ្មែរនៅក្រៅប្រទេស។ 

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់យ៉ាងច្បាស់ពីប្រវត្តិតស៊ូដ៏អង់អាចក្លាហាន របស់គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីការរំដោះជាតិពីរបបប្រល័យពូជសាសន៍ រហូតដល់ការនាំមកនូវ សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលជាស្នាដៃដ៏អស្ចារ្យ។


ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញអំពីសមិទ្ធផលដ៏មហិមារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តបន្ទាប់គ្នា៖

១. សម័យ សម្តេចតេជោ ហ៊ុន សែន៖ គឺជារយៈពេលនៃការកសាង មូលដ្ឋានគ្រឹះជាតិ ទាំងសន្តិភាព ទាំងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសហែកហួរដោយសង្គ្រាម ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងបានត្រួសត្រាយផ្លូវយ៉ាងច្បាស់លាស់សម្រាប់ការរីកចម្រើន។

២. សម័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងអនុវត្តយ៉ាងមុតស្រួចនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ សមិទ្ធផលសំខាន់ក្នុងឆ្នាំដំបូងនៃការដឹកនាំ គឺការបន្តរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គមរឹងមាំ ព្រមទាំងដាក់ចេញនូវគោលនយោបាយគន្លឹះដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងធ្វើពិពិធកម្មសេដ្ឋកិច្ច។


ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅតែបន្តបង្ហាញភាពរឹងមាំ ដោយត្រូវបានព្យាករណ៍ថានឹងមានកំណើនចន្លោះពី ៤.៩% ទៅ ៥.២% សម្រាប់ឆ្នាំ២០២៥ និង ២០២៦ ដែលជាក្តីសង្ឃឹមដ៏មហិមាឆ្ពោះទៅរកឋានៈប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ចំពោះបញ្ហាព្រំដែន ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើភាពឈ្លាសវៃ និងភាពម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះតាមរយៈ អភិក្រមបី ដ៏ច្បាស់លាស់ គឺ៖ ១. ទប់ស្កាត់ ការរីករាលដាល, ២. ដោះស្រាយ បញ្ហាកាត់បន្ថយផលប៉ះពាល់ និង៣. ស្តារ សភាពការណ៍ឡើងវិញ។ យុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» នេះបានបង្ហាញប្រសិទ្ធភាពក្នុងការការពារបូរណភាពទឹកដី និងធានាសន្តិសុខជាតិដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការអំពាវនាវយ៉ាងមុតមាំ ម៉ឺងម៉ាត់ និងជម្រៅចិត្ត ដល់សមាជិក សមាជិកា និងយុវជនថ្មីទាំងអស់នៅទីក្រុងហាមីលតុន៖

* «សមាជិកបក្សទាំងអស់ត្រូវចងចាំក្នុងចិត្ត និងបេះដូងថា ភាពស្មោះត្រង់ដាច់ខាតចំពោះគណបក្សប្រជាជនកម្ពុជា គឺស្មើនឹងភាពស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល និងជាតិទាំងមូល។ គណបក្សយើងជាអ្នកធានានូវសន្តិភាពដ៏ត្រចះត្រចង់ ដូច្នេះ ភក្តីភាពរបស់យើង គឺជាការការពារអាយុជីវិត និងអនាគតរបស់កូនចៅខ្មែរគ្រប់រូប»។

* «យុវជនគណបក្សត្រូវមានស្មារតី “វីរៈភាពមុតស្រួច” ក្នុងការតស៊ូមតិប្រឆាំងព័ត៌មានមិនពិត និងការវាយប្រហារនានា។ យើងត្រូវក្លាយជាសេនាធិការដ៏ស្មោះត្រង់ ជាភ្នែក ច្រមុះ មាត់ និងត្រចៀក របស់បក្សនៅឯនាយសមុទ្រ ដើម្បីផ្សព្វផ្សាយសច្ចធម៌របស់ជាតិ»។

* ការបែងចែកតួនាទីការងារច្បាស់លាស់ និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ៖ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យគណៈកម្មាធិការសាខាបក្ស និងយុវជនគណបក្សត្រូវរៀបចំយន្តការគ្រប់គ្រង និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ទៅតាមជំនាញ និងសមត្ថភាពរបស់សមាជិកម្នាក់ៗ ដើម្បីធានានូវប្រសិទ្ធភាពការងារខ្ពស់។ ជាមួយគ្នានោះ សមាជិកទាំងអស់ត្រូវរក្សា «សាមគ្គីភាពជាធ្លុងមួយ គ្រប់កាលៈទេសៈ» ទាំងក្នុងការងារបក្ស និងក្នុងជីវភាពប្រចាំថ្ងៃ។

* ការវិនិយោគទៅកម្ពុជា គឺស្នេហាជាតិ៖ «ឯកឧត្តមបណ្ឌិត បានអំពាវនាវយ៉ាងទទូចដល់បងប្អូនសមាជិកបក្ស និងពលរដ្ឋខ្មែរទាំងអស់ ដែលទទួលបានជោគជ័យ និងមានបទពិសោធន៍ថ្មីៗនៅក្នុងប្រទេសអភិវឌ្ឍន៍នេះ សូមនាំយកទុនវិនិយោគ និងជំនាញឯកទេសរបស់ខ្លួន ត្រឡប់មកចូលរួមកសាងមាតុភូមិវិញ។ រាជរដ្ឋាភិបាលបានត្រៀមលក្ខខណ្ឌអំណោយផលបំផុត ដើម្បីទទួលស្វាគមន៍ការវិនិយោគរបស់កូនខ្មែរ។ ការវិនិយោគរបស់បងប្អូន គឺជាការរួមចំណែកដ៏មានតម្លៃបំផុតក្នុងការជំរុញការអភិវឌ្ឍជាតិ ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តាំផ្ញើឱ្យសមាជិក សមាជិកា និងយុវជនទាំងអស់បន្តរួមចំណែកថែរក្សា សន្តិភាព និងការអភិវឌ្ឍ ដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់ជាតិ ៕

















Previous Post Next Post