ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
សារលិខិតគោរពជូនពររបស់ឯកឧត្តម សុខ សូកេន មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! នាឱកាសដ៏មហានក្ខត្តឫក្សនៃទិវាចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី គម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង អធិការកិច្ច និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ និងភរិយា សូមសម្តែងនូវអំណរសាទរ ពោរពេញដោយមនោសញ្ចេតនា គោរពស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរជ័យ ចំពោះសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកម្ពុជាឱ្យមាន ការអភិវឌ្ឍលើគ្រប់វិស័យ និងបន្តរក្សាបាននូវសុខសន្តិភាពពេញលេញ។
ក្នុងឱកាសដ៏បវរមហាប្រសើរនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ប្រកបដោយភាពស្វាហាប់ ពោរពេញដោយថាមពល និងទេពកោសល្យដ៏ប៉ិនប្រសប់ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្ត្រ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន តាមរយៈការបន្តថែរក្សាសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គោលនយោបាយកែទម្រង់គន្លឹះ និងគោលនយោបាយអាទិភាពនានា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឆ្លៀតក្នុងទិវាខួបចម្រើនជន្មាយុដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំ សព្ទសាធុការពរគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងភក្ដីភាពដ៏ស្មោះបំផុតអំពីយើងខ្ញុំទាំងអស់គ្នា» ៕


