ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំនៅកម្ពុជា និងអង្គការ CPDD បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់គម្រោង «ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA Project)» នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាង UNDP ប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុងគោលដៅទាំង៣ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបចំនួន១៧៨រូប ស្រី៤៧រូប។
ថ្លែងក្នុងពិធីបើកកម្មវិធីនេះ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ «សមិទ្ធផលទាំងឡាយដែលទទួលបានពីគម្រោង STA បានផ្តល់ជាមូលដ្ឋានគន្លឹះសម្រាប់រួមចំណែកដល់ការតម្រង់ទិសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ជាពិសេសការគាំទ្រការអនុវត្តគោលនយោបាយនៅថ្នាក់ជាតិ និងការរៀបចំផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) នៃ កជទី២»។
ក្នុងនោះផងដែរ ឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាង UNDP តំណាងអង្គការ CPDD មានមតិចាប់អារម្មណ៍ ដោយគូសបញ្ជាក់ពីកិច្ចសហការ និងការគាំទ្រដល់កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការលើកកម្ពស់ការទទួលបានព័ត៌មាន និងបង្កើនការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ៕
















