ភ្នំពេញ៖ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug បានបើកកិច្ចប្រជុំរបស់ខ្លួនជាមួយលេខាធិការដ្ឋានគណៈកម្មាធិការពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក្រុង ស្រុក ទូទាំងប្រទេស ដែលជាកិច្ចប្រជុំផ្ទាល់ និងប្រព័ន្ធពីចម្ងាយតាមរយៈកម្មវិធី Zoom។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug ដោយមានការអញ្ជើញគ្រប់សមាសភាពគណ:កម្មការគ្រប់គ្រងទូរសព្ទដៃ NoDrug និងអនុគណ:កម្មការទាំង៣៖
១. អនុគណៈកម្មការបច្ចេកទេស
២. អនុគណៈកម្មការជំរុញនិងផលិតមាតិកា
៣. អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងលើ៧ថ្ងៃ (២៤/៧)។
កិច្ចប្រជុំនេះបើកទូលាយដល់គ្រប់សមាសភាពទាំងអស់ឱ្យមានការចូលរួមជាលើកមតិយោបល់ពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរ ដែលការជួបប្រទះកន្លងមកពីបណ្តាប្រធានលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ស្នងការរងនគរបាលរាជធានី-ខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី-ខេត្ត លោកអធិការរងនគរបាលក្រុង ស្រុក ខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ដែលទទួលការងារគ្រឿងញៀន ៕





















