ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារជលសាស្ត្រ និងការងារទន្លេឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រហូតសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាអាទិ៍ការងារគ្រប់គ្រងនិងព្យាករណ៍កម្ពស់ទឹក ការងារជលសាស្ត្រ ការងារច្រាំងទន្លេ និងការងារត្រួតពិនិត្យតាមដាននិងវិភាគគុណភាពទឹក។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំឱ្យបន្តពង្រឹង និងយកចិត្តទុកដាក់លើកកម្ពស់ប្រសិទ្ធភាពការងារជួសជុល ថែទាំនិងដំឡើងស្ថានីយជលសាស្ត្រ ការងារប្រមូលទិន្នន័យជលសាស្ត្រការវិភាគគុណភាពទឹកតាមបណ្ដាស្ថានីយទូទាំងប្រទេស និងកិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងទិន្នន័យក្នុងតំបន់ជាមួយគណៈកម្មការទន្លេមេគង្គ (MRC) ព្រមទាំងការងារបណ្ដុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីលើជំនាញជលសាស្រ្ត គុណភាពទឹក និងគ្រប់គ្រងទិន្នន័យជាដើមដែលឆ្លើយតបទៅនឹងការវិវត្តជឿនលឿនឥតឈប់ឈរនៃបច្ចេកវិទ្យា ជាពិសេសបន្តរៀបចំផែនការសិក្សាពីស្ថានភាពបាតទន្លេមេគង្គនិងទន្លេបាសាក់ ដើម្បីអាចវាយតម្លៃពីទីតាំងដែលបាក់ច្រាំងនិងដុះដី ហើយមានវិធានការបូមស្តារ សម្រួលនិងបង្វែរចរន្តទឹកកុំឱ្យបាក់ច្រាំង ស្របទៅតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា ៕
















