ប្រកាសមុខតំណែងអភិបាលខេត្តកោះកុង, ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កត់ពីភាពចាំបាច់នៃការបន្តថែរក្សាសុខសន្តិភាព និងបម្រើសេវាជូនពលរដ្ឋប្រកបដោយភាពកក់ក្តៅ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រកាសមុខតំណែងអភិបាលខេត្តកោះកុង, ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កត់ពីភាពចាំបាច់នៃការបន្តថែរក្សាសុខសន្តិភាព និងបម្រើសេវាជូនពលរដ្ឋប្រកបដោយភាពកក់ក្តៅ


ភ្នំពេញ៖
ពីវេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចការពារសុខសន្តិភាព ទន្ទឹមគ្នានឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ស្របតាមទស្សនៈ ធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ 

បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មិនខុសគ្នាពីថ្នាក់ជាតិដែរ គឺមានបន្ទាត់គោលនយោបាយមួយដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយផ្តល់សារសំខាន់ចំពោះធនធានមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ 

ស្របតាមគោលនយោបាយនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានរំលឹកពីភាពចាំបាច់នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលបានផ្ទេរសិទ្ធិអំណាច តួនាទី ភារកិច្ច និងមុខងារជាច្រើន ដើម្បីមានលទ្ធភាពកាន់តែច្រើនក្នុងការផ្តល់សេវាតាមតម្រូវការរបស់ពលរដ្ឋនៅមូលដ្ឋាន។ 

ឯកឧត្ដមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា កិច្ចការដ៏មានសារៈសំខាន់នេះ ត្រូវការជាចាំបាច់នូវកាដឹកនាំប្រកបដោយគុណភាព និងការខិតខំអនុវត្តឱ្យបានសកម្ម ជាពិសេសការតាមដានត្រួតពិនិត្យ និងវាយតម្លៃនូវរាល់កិច្ចការ ដែលថ្នាក់ខេត្តទទួលខុសត្រូវទាំងចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ ក្នុងន័យនេះឯកឧត្ដមអភិសន្តិបណ្ឌិត សង្ឃឹមជឿជាក់ថា លោកជំទាវ ឈី វ៉ា នឹងខិតខំបន្ត ទទួលខុសត្រូវលើការងារដឹកនាំ ក្នុងកិច្ចការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ បន្តពីលោកជំទាវមិថុនា ភូថង និងអភិបាលខេត្តជំនាន់មុន ដែលបានខិតខំពូនជ្រំកសាងសមិទ្ធផលជាច្រើន។ 

ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អតីតអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានគូសបញ្ជាក់ នូវសមិទ្ធផលដែលរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់លោកជំទាវ ក្នុងរយៈពេលកន្លងមកសម្រេចបានជាច្រើន ជាពិសេសការចូលរួមចំណែកការពារសុខសន្តិភាព ការផ្តល់សេវារដ្ឋបាល ការធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងការកសាងសមិទ្ធផលរូបវន្តជាច្រើន។ 

លោកជំទាវអភិបាលខេត្ត ក៏បានលើកឡើងពីសារសំខាន់នៃការចូលរួមគាំទ្ររបស់មន្ត្រីគ្រប់ថ្នាក់ គ្រប់ផ្នែក ចំណុះរដ្ឋបាលខេត្ត និងជាពិសេសការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ដែលជាលក្ខខណ្ឌសំខាន់សម្រាប់ការឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតរបស់រដ្ឋបាលខេត្ត។ លោកជំទាវ ក៏បានទទូចឱ្យបន្តផ្តល់ការគាំទ្រលោកជំទាវអភិបាលខេត្តថ្មី ដើម្បីឱ្យលោកជំទាវកាន់តែមានលទ្ធភាពក្នុងការបន្តអភិវឌ្ឍខេត្តកោះកុងឱ្យកាន់តែរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព។ 

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈ អភិបាលខេត្តកោះកុង បានថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះអង្គម្ចាស់ជីវិតលើត្បូង ដែលបានចេញព្រះរាជក្រឹត្យ តែងតាំងលោកជំទាវជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងគោរពថ្លែងអំណរគុណ ចំពោះការផ្តល់សេចក្តីទុកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកជំទាវក៏បាន ស្នើសុំឱ្យថ្នាក់ដឹកនាំ ចំណុះរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋបន្តផ្តល់ការគាំទ្រ ចូលរួមជាមួយលោកជំទាវដើម្បីរួមគ្នាសម្រេចបាននូវវឌ្ឍនភាព បន្ថែមទៀតជូនខេត្តកោះកុង។ 

គួរកត់សម្គាល់ថា នៅក្នុងឱកាសថ្លែងសន្ទរកថា នាពិធីនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត បានណែនាំរដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ចំណុះរដ្ឋបាលខេត្តកោះកុង និយាយដោយឡែក និងជារួមនៅទូទាំងប្រទេស ត្រូវបន្តយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាសំខាន់ៗជាអាទិ៍ បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង ដែលជាបញ្ហាកំពុងកើតមានជារៀងរាល់ថ្ងៃ និងជាក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ អនុវត្តឱ្យបានសកម្ម និងខ្លាំងក្លា ដើម្បីប្រែក្លាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលបាននិយាយទាំងពីបញ្ហាគ្រឿងញៀន ក្មេងទំនើង និងលក្ខណសម្បត្តិផ្សេងៗទៀត សរុប៧ចំណុច ឱ្យក្លាយទៅជាសមិទ្ធផលជាក់ស្ដែង ៕













































Previous Post Next Post