ភ្នំពេញ៖ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ បិណ្ឌទី១១ នៅវត្តអំពិល ស្ថិតនៅភូមិអំពិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូបនៃក្រសួងអធិការកិច្ច។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗក្នុងប្រទេសកម្ពុជាដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបតែងតែគោរពប្រណិប័តន៍។
ក្នុងពិធីប្រកបដោយសទ្ធាជ្រះថ្លានោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស ព្រមទាំងបានបូជាទៀនធូបផ្កាភ្ញីដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ ហើយក៏សូមឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់ញាតកាដែលបានចែកឋានទៅកាន់បរលោកខាងមុខ ព្រមទាំងវីរកងទ័ពដែលបានពលីក្នុងសមរភូមិផងដែរ។
ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានមានមតិសំណេះសំណាលសាកសួរសុខទុក្ខលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលចូលរួមកម្មវិធីកាន់បិណ្ឌទី១១នេះ និងបានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានលើកឡើងពីសភាពការណ៍ថ្មីៗនៃតំបន់ព្រំដែនកម្ពុជា-ថៃ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ៕