សម្តេច ឃួន សុដារី៖ ការជឿជាក់លើថ្នាក់ដឹកនាំ និងសាមគ្គីជាតិជាធ្លុងមួយ កម្ពុជា នឹងទទួលជោគជ័យលើពួកឈ្លានពានទឹកដី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេច ឃួន សុដារី៖ ការជឿជាក់លើថ្នាក់ដឹកនាំ និងសាមគ្គីជាតិជាធ្លុងមួយ កម្ពុជា នឹងទទួលជោគជ័យលើពួកឈ្លានពានទឹកដី


ភ្នំពេញ៖
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការដោះស្រាយជម្លោះ នៃការឈ្លានពានរបស់ថៃមកលើអធិបតេយ្យរបស់កម្ពុជា គឺកម្ពុជារក្សាការគោរពច្បាប់អន្តរជាតិ ស្រឡាញ់និងការពារសុខសន្តិភាព។ សន្តិភាពដែលកម្ពុជាចង់បាននោះមិនមែនសម្រាប់តែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ គឺសន្តិភាពសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទំាងពីរ ក៏ដូចជាសន្តិភាពសម្រាប់សហគមន៍អាស៊ាន និងពិភពលោក។ 

សម្តេចប្រធានរដ្ឋសភា ក៏បានថែ្លងអំណរគុណនិងដឹងគុណជានិច្ចជូនវីរកងទ័ពទំាងអស់ ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុជាតិនិងមាតុភូមិ និងបួងសួងសូមវិញ្ញាណខក្ខន្ធយុទ្ធជនពលីជីវិតនៅក្នុងសមរភូមិ បានទៅទីកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិទំាងអស់ជឿជាក់លើថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី និងការទូត។

សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា នៅក្នុងកាលៈទេសៈនេះ ចំណុចគន្លឹះគឺការរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពគ្នាដូចពាក្សស្លោកថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់” ដើម្បីយកប្រៀបនៅលើសមរភូមិការទូតអន្តរជាតិ ជាមួយនឹងសត្រូវឈ្លានពានដោយកុំជឿលើពួកអគតិមួយក្តាប់តូច ដែលតែងតែនិយាយភូត ភរ កុហក ញុះញង់ ឱ្យបែកបាក់សាមគ្គីភាពជាតិ បំពេញមហិច្ឆតាទុច្ចរិតរបស់ខ្លួនយ៉ាងងប់ងុលនោះ។
 
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកណ្តាល បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកកោះធំ ដោយមានអ្នកចូលរួមប្រមាណជាង៣០០នាក់។
 
នៅក្នុងឱកាសនោះ សម្តេចបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្តីទី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនសមាជិកសមាជិក ក្នុងអង្គពិធី ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ និងខេត្តកណ្តាលទំាងមូល។ 

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំពុងខិតខំដោះស្រាយបញ្ហាជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជា តាមគ្រប់មធ្យោបាយដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ 

សម្តេចបានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានព្រះរាជសិទ្ធិលើកិច្ចការកងទ័ព កិច្ចការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាទទួលបានប្រៀបឈ្នះទំាងសមរភូមិប្រយុទ្ធ និងសមរភូមិការទូត រហូតឈានទៅសម្រេចបានបទឈប់បាញ់ ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម ដូណាល់ ត្រំា ប្រធានាធិបតី សហរដ្ឋអាមេរិក ក្រោមការសម្របសម្រួលនិងដឹកនាំដោយ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន និងដោយមានការគំាទ្រពីបណ្តាបរទេសជាមិត្តមានសាធារណរដ្ឋប្រជាមានិតចិនជាដើម។ បេសកកម្មការទូតសន្តិភាព របស់កម្ពុជា បានឮដល់អន្តរជាតិ តាមរយៈការងារការទូតនិងការទូតសភា ទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន ប្រទេសចិន កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង។ នៅក្នុងជំនួបដាច់ដោយឡែកនោះ សម្តេចធិបតី បានបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជា ដែលស្រឡញ់សន្តិភាព ការពារសន្តិភាព។ កម្ពុជាប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បទឈប់បាញ់ និងសូមពន្លឿនឱ្យបានឆាប់បំផុត ក្នុងការបង្កើតក្រុមសង្កេតការណ៍អាស៊ាន (AOT)។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានរំលឹកពីការថ្លែងសាររបស់ សម្តេចផ្ទាល់ នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ នៅប្រទសម៉ាឡេស៊ី។ សម្តេចបានបញ្ជាក់ពីភាពផុយស្រួយនៃបទឈប់បាញ់ ដោយភាគីថៃបន្តបំពាន ចំណែកការចង់បានរបស់ពលរដ្ឋកម្ពុជា គឺសុខសន្តិភាព និងសុខដុមរមនាក្នុងសហគមន៍អាស៊ានទំាងមូល។ កម្ពុជាថ្កោលទោសចំពោះការអនុវត្តច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក របស់រដ្ឋមួយ នៅក្រៅដែនដីរបស់ខ្លួនដែលជាការរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសមួយទៀត។ សាររបស់សម្តេចប្រធានរដ្ឋសភា នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦នោះ ទទួលបានការគំាទ្រពេញយ៉ាងក្រៃលែងពីបណ្តាសភាសមាជិកអាយប៉ា និងសភាសង្កេតការណ៍អាយប៉ា។

សូមជម្រាបថា លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានតែងតំាងជាប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ។ 

នៅមុនបញ្ចប់ពិធីសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលនេះ សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់ក្រុមការងារនិងសមាជិកសមាជិកាគណបក្សទំាងអស់ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងកាន់តែសកម្មខ្លំាងក្លាឡើង ដើម្បីគណបក្សប្រជាជនកម្ពុជា ទទួលបានប្រៀបឈ្នះនៅក្នុងការបោះឆ្នោតនាពេលខាងមុខៗទៀត ដោយសមាជិកទំាងអស់ ខិតខំបន្តកៀរគរសំឡេងគំាទ្រគណបក្ស តាមគោលការណ៍ “រក្សាចាស់ ពង្រីកថ្មី” និងថា “សមាជិកមួយរូប សន្លឹកឆ្នោតមួយសន្លឹក”។

សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើដល់សមាជិកក្រុមការងារទំាងអស់បន្តពង្រឹងសាមគ្គីភាព និងត្រូវចុះជាប់ជាមួយពលរដ្ឋ ស្វែងយល់សុខទុក្ខ បញ្ហា និងសំណូមពររបស់ពលរដ្ឋហើយត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា។ 

សម្តេចបានគូសបញ្ជាក់ថាក្នុងរយៈពេល៤៧ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន មិនដែលរត់ចោលឬ ទុកពលរដ្ឋចោលនោះឡើយ។ ជាងនេះទៅទៀត សម្តេចតេជោ តែងតែមានវត្តមានជានិច្ច នៅពេលប្រទេសជាតិនិងពលរដ្ឋជួបទុក្ខលំបាក ៕













Previous Post Next Post