រដ្ឋមន្ត្រីធនធានទឹក ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារសហគមន៍កសិករប្រើប្រាស់ទឹក រយៈពេល៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តបន្ត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីធនធានទឹក ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារសហគមន៍កសិករប្រើប្រាស់ទឹក រយៈពេល៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តបន្ត


ភ្នំពេញ៖
នាព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារសហគមន៍កសិករប្រើប្រាស់ទឹក រយៈពេល៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តបន្ត នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគ្នាយ៉ាងល្អរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹកក្នុងការអនុវត្តការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ជាអាទិ៍ការងារពង្រឹង និងរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក ការងារបណ្ដុះបណ្តាលពង្រឹងសមត្ថភាព និងការគាំទ្របច្ចេកទេសសហគមន៍កសិករប្រើប្រាស់ទឹកនៅទូទាំងប្រទេស ជាពិសេសការងារចុះប្រមូលទិន្នន័យ និងព័ត៌មានសម្រាប់រៀបចំគោលនយោបាយនៃការអនុវត្តសកម្មភាពការងារភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំដល់នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ត្រូវបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ដើម្បីគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រឱ្យបានល្អប្រសើរ និងរក្សានិរន្តរភាពរបស់ប្រព័ន្ធ ព្រមទាំងរៀបចំយន្តការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋានគំរូរបស់ក្រសួង ជាអាទិ៍ប្រកាសស្ដីពីកិច្ចដំណើរការនិងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក និងគោលការណ៍ណែនាំលើកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេសមានចំនួនប្រមាណជាង ២ពាន់ប្រព័ន្ធ ក្នុងគោលដៅដើម្បីគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រទាំងនេះឱ្យបានល្អ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកសរុបចំនួន៥៨៤ ក្នុងនោះសហគមន៍ដែលដំណើរការបានមានចំនួន៣០១ ដំណើរការតិចតួចមានចំនួន១៤៩ និងមិនដំណើរការចំនួន១៣៤ ៕










Previous Post Next Post