ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិភាក្សាការងារជាមួយ លោកស្រីវេជ្ជ្ជបណ្ឌិត Marianna Trias, WHO Representative និងក្រុមការងារបច្ចេកទេស WHO ស្តីពីកិច្ចប្រជុំត្រៀមចូលរួម “កិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅសាធារណរដ្ឋហ្វីជី។
កិច្ចប្រជុំដ៏សំខាន់នេះ ដោយផ្តោតលើបញ្ហាសុខភាពដែលកំពុងប្រឈមមុខនឹងតំបន់ និងពិភពលោក ដោយមានការពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ ១). ការផ្លាស់ប្តូរប្រព័ន្ធថែទាំសុខភាពផ្លូវចិត្ត ដើម្បីតបនឹងបញ្ហាប្រឈមពិភពលោក, ២). ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើបញ្ហាសុខភាព និងការធ្វើឱ្យប្រព័ន្ធសុខភាពមានភាពធន់, ៣). ការអនុវត្តច្បាប់សុខភាពអន្តរជាតិ (IHR), ៤). សុខភាពមាត់ធ្មេញ, និង៥). ការគ្រប់គ្រងគ្រឿងស្រវឹង និងថ្នាំជក់។ លើសពីនេះ អង្គប្រជុំ ក៏បានពិភាក្សាការងារបច្ចេកទេស លើប្រធានបទដូចជា បញ្ហាទាក់ទងនឹង បញ្ហាសប្បនិម្មិត (AI) ក្នុងប្រព័ន្ធសុខភាព, ការគ្រប់គ្រងជំងឺលើសឈាម, ការវះកាត់ដែលមានសុវត្ថិភាព, និងការគ្រប់គ្រងការជក់បារី។
កម្ពុជានឹងចូលរួមចំណែកជាសកម្ម និងចែករំលែកបទពិសោធន៍ជាមួយនូវគោលនយោបាយជាតិ ជាពិសេសក្នុងវគ្គពិភាក្សាបច្ចេកទេសលើប្រធានបទ "ការវះកាត់ដែលមានសុវត្ថិភាព" ដោយបង្ហាញពីវឌ្ឍនភាព និងការខិតខំប្រឹងប្រែងក្នុងការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម និងការថែទាំវះកាត់។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួម “កិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅសាធារណរដ្ឋហ្វីជី។
សូមបញ្ជាក់ដែរថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ហាញពីការប្តេជ្ញាចិត្ត និងសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសុខភាពសកល និងកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាពប្រជាជន ដោយអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល និងការណែនាំរបស់អង្គការសុខភាពពិភពលោក ៕


















