ភ្នំពេញ៖ នៅក្នុងថ្ងៃអបអរខួប៣២ឆ្នាំ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ» ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវធ្វើយ៉ាងណាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសការពារប្រជាពលរដ្ឋឲ្យបានជាដាច់ខាត។
ថ្លែងនៅចំពោះកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ក្នុងឱកាសនាំយកនំអម្សម គ្រឿងហូបចុក និងថវិកាមួយចំនួន យកទៅចែកជូនដល់កម្លាំងកងរាជអាវុធហត្ថ នាយ នាយទាហានរង និងពលទាហាន នាយនគរបាល ពលនគរបាល កំពុងឈជើងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តតាកែវ នៅថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការវរៈការពារព្រំដែនកំពង់ក្រសាំង ស្ថិតក្នុងស្រុកបូរីជលសា ដែលជាថ្ងៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មានភាពរឹងមាំក្នុងរយៈពេល ៣២ឆ្នាំកន្លងមកនេះ ដោយសារកងកម្លាំងប្រដាប់អាវុធបានជួយទ្រទ្រង់ការពារ។ នៅពេលរដ្ឋធម្មនុញ្ញរឹងមាំ នឹងនាំឲ្យប្រទេសមានស្ថិរភាព រាជរដ្ឋាភិបាលមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានប្រាប់កងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យជឿជាក់លើកការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ទៅលើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយរាជរដ្ឋាភិបាល នឹងមិនធ្វើឲ្យបាត់បង់ទឹកដី ហើយក៏មិនចង់បានទឹកដីពីប្រទេសណាដែរ ៕

















