កំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល ចែកថវិកា និងសម្ភារៈ ជូននាយទាហាន នាយទាហានរង និងសោធធននិវត្តន៍ ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលសរុបជាទឹកប្រាក់អស់ចំនួន ៤.៥១៧,៦៥ដុល្លារ (១៨,០៧០,៦០០រៀល)។
សូមជម្រាបថា សម្ភារៈគ្រឿងឧបភោគបរិភោគសម្រាប់ចែកជូននាយទាហាន និងសោធធននិវត្តន៍ ដោយម្នាក់ៗទទួលបានសម្ភារៈចំនួនមានដូចជា៖ អង្ករ, ទឹកផ្លែឈើ, ទឹកក្រូច, មី, ទឹកសុទ្ធ និងផ្លែចេកអំបូង សម្រាប់សោធននិវត្តន៍ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥០,០០០រៀលផងដែរ សរុបជាទឹកប្រាក់អស់ចំនួន ៤.៥១៧,៦៥ដុល្លារ (១៨,០៧០,៦០០រៀល)។
នាឱកាសសំណេះសំណាល លោកឧត្តសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងថា ដោយមើលឃើញពីការហត់នឿយក្នុងការបំពេញការងារកន្លងមក ដែលនាយទាហាន នាយទាហានរងគ្រប់រូប បានលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួនដើម្បីបំពេញតួនាទីភារកិច្ច ដែលថ្នាក់លើដាក់ឲ្យកន្លងមក និងតបស្នងគុណជូនចំពោះសោធធននិវត្តន៍ ដែលបានខិតខំប្រឹងប្រែងបម្រើការងាររហូតដល់អាយុត្រូវចូលនិវត្តន៍ បានខិតខំតស៊ូអត់ធ្មត់ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល ក្នុងការការពារ សន្តិសុខ រក្សាសុវត្តភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសបានកសាងកេរ្តិ៍តំណែល និងស្នាដៃដ៏មានសារៈសំខាន់ ទាំងការផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗជាច្រើន សម្រាប់មន្ត្រីរាជការជំនាន់ក្រោយរៀនសូត្រ និងយកទៅអនុវត្តតាម។
ក្នុងនោះដែរ លោកឧត្តសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានកោតសរសើរដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីភារកិច្ចកន្លងមក ដោយទទួលនូវលទ្ធផលល្អ ចំពោះការងារ បង្ការ បង្ក្រាប សង្គ្រោះ លោក មេបញ្ជាការ លោកក៏បានណែនាំឲ្យនាយទាហាន នាយទាហានរងទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ និងទទួលខុសត្រូវឲ្យបានខ្ពស់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អបន្ថែមទៀត ហើយបានកោតសសើរនាយទាហាន នាយទាហានរង ដែលគោរពនូវវិន័យក្នុងអង្គភាពបានល្អ ហើយខិតខំបំពេញតួនាទីភារកិច្ចដែលថ្នាក់លើដាក់ឲ្យកន្លងមក ត្រូវពង្រឹងសមត្ថភាព និងវិន័យបន្ថែមទៀត ព្រមទាំងបានណែនាំបន្ថែមដល់នាយទាហានទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ត្រូវធ្វើលំហាត់ប្រាណជាប្រចាំ។
ជាចុងក្រោយ លោកឧត្តសេនីយ៍ត្រី មេបញ្ជាការ បានជូនពរដល់នាយទាហានដែលបានចូលនិវត្តន៍ ព្រមទាំងនាយទាហាន នាយទាហានរង សូមឲ្យមានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ ជោគជ័យគ្រប់ការងារដែលថ្នាក់លើដាក់ជូន ៕

















