ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវថែរក្សាដីធ្លីដែលជាទ្រព្យរបស់ខ្លួន ដើម្បីទុកចែកតកូនតចៅកុំលក់ដូរឱ្យសោះ ខណៈមនុស្សចេះតែបន្តកើតរាល់ថ្ងៃ ប៉ុន្តែដីធ្លីមិនកើតទៀតនោះទេ។
ការណែនាំបែបនេះនាឱកាសដែល ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣៣៨គ្រួសារ ស្មើនឹង ៦០១ប័ណ្ណ ស្ថិតនៅក្នុងភូមិសៀមប៉ាង និងភូមិបានមួង ឃុំសេកុង ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងថ្លែងនូវការអរគុណបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធ ទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ គាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋបានចេញជាផ្លែផ្កា នាពេលនេះ។
បន្ថែមពីនេះទៀត ឯកឧត្តម សរ សុពុត្រា បានគូសបញ្ជាក់អំពី ការចែកប័ណ្ណកម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ ការពង្រឹង យុត្តិធម៌ និងស្ថិរភាពសង្គម។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ ដីធ្លី បានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធិ គឺមានសុវត្ថិភាព និងជាមូលធន ដ៏សំខាន់សម្រាប់កម្មសិទ្ធិករទាំងអស់ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់ ជួល បញ្ចាំ ធ្វើអំណោយ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ៕









