ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ចំពោះមន្ត្រីរាជការក្រោមឱវាទ ជាពិសេសមន្ត្រីសាលាខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ ក្រោមឱវាទ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។
ក្នុងលក្ខណៈមហាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលសាលាខេត្ត អស់រយៈពេល ០៩ខែមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាជាទីមោទនៈក្រៃលែង។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានកោតសរសើរដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានជោគជ័យរយៈពេលកន្លងមក និងវាយតម្លៃខ្ពស់ ចំពោះ រាល់កិច្ចខិតខំប្រឹងប្រែង របស់មន្រី្ដរាជការទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អ និងបន្តជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេស ការយកចិត្តទុកដាក់ លើការផ្តល់សេវាសារធារណៈ ទៅតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ រាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរ ដោយពាក់មួក និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដើម្បីបញ្ជៀសនូវបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិត ៕









