ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំលើកទី១ របស់ក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force - JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានប្រព្រឹត្តទៅតាមប្រព័ន្ធ VTC នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ និងបានបញ្ចប់នៅម៉ោង១០និង៤០នាទី។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការប្រកាសសមាសភាពក្រុមការងារ និងបានធ្វើការផ្លាស់ប្តូរឯកសារនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ដំណើរការការងាររបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។
ក្នុងកិច្ចប្រជុំនេះ សហប្រធានភាគីកម្ពុជានៃក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ក៏បានបញ្ជាក់ផងដែរថា រាល់សកម្មភាពដោះមីនមនុស្សធម៌មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរឡើយ ដែលកិច្ចការងារព្រំដែននេះស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) កម្ពុជា-ថៃ ។
គួររំលឹកផងដែរថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងស្របតាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ៕



