ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ស្នើសុំភាគីចិន បង្កើនការនាំចូលលើកសិផលរបស់កម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ស្នើសុំភាគីចិន បង្កើនការនាំចូលលើកសិផលរបស់កម្ពុជា


ទីក្រុងណាននីង៖
ក្នុងអំឡុងពេលអញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wei Tao អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម Wei Tao បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកចូលរួម ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥នេះ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី។ ហើយវត្តមានជាលើកទី២ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ពិតជាឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយន្តការទំនាក់ទំនងចិន-អាស៊ាន។ 

ឯកឧត្តមអភិបាល បានគូសបញ្ជាក់ថា ចិន និងកម្ពុជា គឺ «មិត្តភាពដែកថែប» ដែលរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រប់កាលៈទេសៈ និងបានលើកឡើងថា កិច្ចសហប្រតិបត្តិការចិន-កម្ពុជាកាន់តែមានភាពស៊ីជម្រៅលើគ្រប់វិស័យ រហូតដល់មានការឯកភាពពន្លឿនការកសាង «សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល» នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា ឆ្នាំ២០២៥។ 

ឯកឧត្តមបានបន្តថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការខាងលើនេះ តំបន់ស្វយ័តក្វាងស៊ីបានអនុវត្តនូវគម្រោងជាច្រើនជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា លើវិស័យឧស្សាហកម្ម ផលិតកម្ម កសិកម្ម អប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស និងវេជ្ជសាស្ត្រ ព្រមទាំងវិស័យមួយចំនួនទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានពាំនាំមកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំនៃតំបន់ស្វយ័តក្វាងស៊ី និងមានប្រសាសន៍ថាថ្នាក់ដឹកនាំកម្ពុជាតែងតែអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ គឺជាលើកទី២ ដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។ 

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានវាយតម្លៃខ្ពស់ចំពោះតំបន់ស្វយ័តក្វាងស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន ប្រកបដោយភាពជោគជ័យជារៀងរាល់ឆ្នាំ និងបានក្លាយជាមជ្ឈមណ្ឌល និងជាច្រកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសហគមន៍វាសនារួមចិន-អាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានវាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងលឿនលើគ្រប់វិស័យរបស់តំបន់ស្វយ័តក្វាងស៊ី ក៏ដូចជាការសម្រេចរក្សានូវសុខដុមនីយកម្មប្រជាសាសន៍ ក្នុងបរិបទដែលតំបន់នេះសម្បូរទៅដោយជនជាតិភាគតិច។  

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងជាពិសេសកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី និយាយដោយឡែក។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានលើកឡើងផងដែរថា មិត្តភាពកម្ពុជា-ចិន គឺជាមិត្តភាពដែលមិនអាចខ្វះគ្នាបាន ហើយបានចាក់ឫសជ្រៅនៅក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌នៃប្រទេសទាំងពីរ ហើយការអភិវឌ្ឍឈានឡើងរបស់កម្ពុជាលើគ្រប់វិស័យ នៅក្នុងរយៈពេលប្រមាណ ៣០ឆ្នាំកន្លងមកនេះ គឺមិនអាចកាត់ផ្តាច់បានពីការរួមចំណែករបស់ប្រទេសចិនបានឡើយ។ 

ក្នុងឱកាសនេះផងដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលបានបន្តឡើងដល់ប្រមាណជាង ១៥.១៨៩ លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៤ កន្លងទៅ ដោយក្នុងនោះ ទំហំពាណិជ្ជកម្មរវាងតំបន់ស្វយ័តក្វាងស៊ី និងកម្ពុជា មានទំហំរហូតដល់ប្រមាណ ១ពាន់លានដុល្លារអាម៉េរិក។ 

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា ទោះបីយ៉ាងណាក៏ដោយ ទំហំនៃការនាំចេញរបស់កម្ពុជាមកកាន់ប្រទេសចិន នៅមានចំណែកតូចនៅឡើយ បើធៀបនឹងការនាំចេញរបស់ចិនទៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្នើសុំភាគីចិន បង្កើនការនាំចូលពីប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ពិសេសលើកសិផលរបស់កម្ពុជា និងបង្កើនការវិនិយោគលើវិស័យសក្តានុពលសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា ដូចជាផលិតកម្មដំណាំស្វាយចន្ទី ដំណាំដំឡូងមី ផលិតកម្មចំណីសត្វ និងផលិតផលសាច់ ត្រី និងម្ហូបអាហារជាដើម។ល។ ដើម្បីបម្រើឱ្យតម្រូវការទីផ្សារក្នុងស្រុកផង និងនាំចេញមកប្រទេសចិនផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកឧត្តមអភិបាល ក៏បានផ្លាស់ប្តូរយោបល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី និយាយដោយឡែក ឱ្យចេញជាលទ្ធផលផ្លែផ្កាជាក់ស្តែង។ ភាគីទាំងពីរក៏បានពិភាក្សា និងជំរុញការអនុវត្តក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ និងគម្រោងដែលមានស្រាប់មួយចំនួនដូចជា ការបង្កើតសួនឧស្សាហកម្មកម្ពុជា-ចិន នៅក្នុងក្របខ័ណ្ឌនៃរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម, ច្រករបៀបឧស្សាហកម្ម និងបច្ចេកវិទ្យា, ច្រករបៀងមច្ឆា និងអង្ករ, ការអភិវឌ្ឍវិស័យថាមពល, បច្ចេកវិទ្យាឌីជីថល ជាពិសេស AI, ការអភិវឌ្ឍជំនាញ, សុខាភិបាល និងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងការជំរុញភ្ញៀវទេសចរពីតំបន់ស្វយ័តក្វាងស៊ីឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន ដោយគ្មានបញ្ហាខាងសន្តិសុខ ក្នុងខណៈដែលកម្ពុជាទើបបានបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន២ គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិតេជោ នៅភ្នំពេញ ដែលមានស្តង់ដាកម្រិតខ្ពស់។

គួរបញ្ជាក់ដែរថា ក្រៅពីជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលចិន និងថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានទៅទស្សនកិច្ចមជ្ឈមណ្ឌល CHINA-ASEAN Artificial Intelligence Collaborative Innovation និងទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជនចិន ដើម្បីពិភាក្សាអំពីឱកាសនៃការវិនិយោគក្នុងវិស័យថ្មីៗ និងភាពជាដៃគូក្នុងវិស័យអាទិភាពមួយចំនួន ដើម្បីធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ដើម្បីបង្កើនការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើន តាមរយៈគម្រោងវិនិយោគរបស់ចិនផងដែរ ៕






















Previous Post Next Post