នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ADB
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ADB


ភ្នំពេញ៖
នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

ក្នុងឱកាសនៃជំនួប លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការីចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល លោកស្រីបញ្ចាប់ បេសកកម្មការងារនៅកម្ពុជា។ 

លោកស្រីនាយិកាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រ ដល់ភាពជាដៃគូដ៏រឹងមាំរវាងធនាគារ ADB និងកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្ត និង វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កម្ពុជា។ 

លោកស្រីនាយិកាក៏បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយដែលបានពង្រឹងភាពជាដៃគូរវាងធនាគារ ADB និង កម្ពុជា ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ 

បន្ថែមពីនេះ លោកស្រីនាយិកាបានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីសមិទ្ធផលនានា និង គម្រោងមួយចំនួនដែលកំពុងបន្តអនុវត្ត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងធនាគារ ADB និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លេីវិស័យអាទិភាពនានា រួមមានជាអាទិ៍៖ វិស័យអប់រំ, ធនធានទឹក, កសិកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ជាដើម។ 

ជាការឆ្លើយតប សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់លោកស្រីនាយិកា និងបានកោតសរសើរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារ ADB និងកម្ពុជា។ 

សម្តេចបវរធិបតីបានអបអរសាទរចំពោះលោកស្រីនិយាកា ដែលបានបញ្ចប់បេសកកម្មការងារនៅកម្ពុជាប្រកបដោយជោគជ័យ និងបានថ្លែងអំណរគុណដល់ធនាគារ ADB ដែលតែងតែគាំទ្រដល់កម្ពុជា ទាំងក្នុងការរៀបចំផែនការ, ក្របខណ្ឌយុទ្ធសាស្ត្រ, និងគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា ជាពិសេស ការជួយគាំទ្រកម្ពុជាក្នុងការរៀបចំចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC Graduation) នៅឆ្នាំ២០២៩ ខាងមុខ។ 

មុននឹងបញ្ចប់ សម្ដេចបវរធិបតីបានបញ្ជាក់ពីការបន្តគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានលើកទឹកចិត្តដល់ធនាគារ ADB បន្តសហការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍថ្មីៗបន្ថែមទៀត ៕







Previous Post Next Post