ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភារួមមាន ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមកម្មវិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម Tan Sri Dato’ (Dr.) Johari bin Abdul ប្រធានសភាម៉ាឡេស៊ី និងជាប្រធានអាយប៉ាលើកទី៤៦ ហើយបើកជាផ្លូវការដោយ ឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្តល់សុន្ទរកថាគន្លឹះពិស្តារគ្រប់ជ្រុងជ្រោយ។
ជាមួយនេះផងដែរ សមាជិកព្រឹទ្ធសភាក៏បានអញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដើម្បីពិភាក្សា និងអនុម័តនូវកម្មវិធី និងរបៀបវារៈ សម្រាប់កិច្ចប្រជុំ។
នារសៀលថ្ងៃដដែល ឯកឧត្តម លោកជំទាវ ក៏បានបន្តចូលរួមកម្មវិធីបន្ទាប់គឺ សម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតខាងលើផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា គណៈប្រតិភូសភាកម្ពុជា បានឧទ្ទេសនាមពីសមាសភាពគណៈប្រតិភូកម្ពុជាដែលកំពុងចូលរួមមហាសន្និបាត ៕