ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា នាថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS។
ពិធីនេះត្រូវបានធ្វើឡើងនៅទីតាំងគម្រោង ដែលស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រុមហ៊ុន ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានថ្លែងថា ខេត្តពោធិ៍សាត់ ចាត់ទុកជាខេត្តដែលឈានមុខគេមួយ ក្នុងការផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ និងប្រភពវារីអគ្គីសនី ដែលមានរហូតដល់ទៅ៣ទីតាំង សម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និងការនាំចេញ។ ការរីកចម្រើននៃថាមពលអគ្គិសនីនេះ គឺដោយមានគោលនយោបាយ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានយកចិត្តទុកដាក់ និងទាក់ទាញវិនិយោគទុន ឱ្យមកចូលក្នុងខេត្ត ដើម្បីជំរុញឱ្យសេដ្ឋកិច្ចខេត្ត មានការរីកចម្រើន ប្រែក្លាយពីខេត្តឆ្លងកាត់មកជាខេត្តដែលពោរពេញដោយការទាក់ទាញ ទាំងផ្នែកឧស្សាហកម្ម និងទេសចរណ៍។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០ ដោយតម្រូវឱ្យកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ការប្រើប្រាស់ថាមពល កកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ គឺជាមធ្យោបាយវិជ្ជមាន និងមានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។
ឯកឧត្តមបន្ថែមថា គម្រោងថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធអាគុយស្តុកថាមពលនៅទីនេះ នឹងរួមចំណែកបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងរបស់កម្ពុជា និងតម្រូវការសម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ លើសពីនេះ គម្រោងនេះនឹងរួមចំណែកដល់ការសម្រេចបាន នូវគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ របស់ប្រទេសជប៉ុន តាមរយៈJCM ដែរនេះ ពិត ជា គម្រោង ឈ្នះ ឈ្នះ សម្រាប់ ប្រទេស ជប៉ុន និងប្រទេសកម្ពុជា។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ចាប់តាំងពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឡើងកាន់មុខតំណែង នៅខែសីហា ឆ្នាំ២០២៣ សម្តេចបាននឹងកំពុងធ្វើការយ៉ាងមមាញឹក ដើម្បីធ្វើពិពិធកម្ម ភាពជាដៃគូសេដ្ឋកិច្ចរបស់កម្ពុជា ដោយបានបង្ហាញនូវបំណងប្រាថ្នាដ៏មុតមាំ ក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសពីប្រទេសជប៉ុន។ ជាក់ស្តែងដូចជាគម្រោងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនថាមពលអគ្គិសនី Chugoku ដែលជាក្រុមហ៊ុនថាមពលអគ្គិសនី ឈានមុខគេមួយនៅក្នុងប្រទេសជប៉ុន និងសហការជាមួយក្រុមហ៊ុន SchneiTec ZEALOUS ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា គម្រោងនេះពិតជាមានសារៈសំខាន់ សម្រាប់ឆ្លើយតបទៅនឹងវឌ្ឍនភាព នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ ដែលទាមទារនូវការប្រើប្រាស់ថាមពលអគ្គិសនីកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា គម្រោងនេះនឹងជួយផ្គត់ផ្គង់ដល់បណ្តាញជាតិ សម្រាប់ការប្រើប្រាស់យ៉ាងទូលំទូលាយ និងការបង្កើតថាមពលកកើតឡើងវិញ នៅក្នុងប្រទេសកម្ពុជា ធានាបាននូវការផ្គត់ផ្គង់ថាមពល ដែលមានស្ថេរភាព ដោយប្រើប្រភពថាមពលកាបូនទាប និងត្រួសត្រាយផ្លូវ ទៅកាន់ការសម្រេចបាននូវអព្យាក្រឹតភាពកាបូន ៕





















