ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Zhang Jing ប្រធានផ្នែកប៉ុស្តិ៍អន្តរជាតិ Lancang Mekong នៃស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណាន និងសហការីចូលជួបសម្តែងការគួរសម និងស្នើសុំគោរពរាយការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់លើការរៀបចំព្រឹត្តការណ៍ទេសចរណ៍ជាលក្ខណៈអន្តរជាតិ និងដ៏ធំនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន នាទីស្តីការក្រសួង។
ក្នុងជំនួបដ៏មានសារៈសំខាន់ដល់វិស័យទេសចរណ៍ទៅកាន់ទីផ្សារប្រទេសចិននេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រី Zhang Jing ដែលបានខិតខំប្រឹងប្រែងផលិតជាវិដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ និងទេសភាពស្រស់បំព្រងរបស់ប្រទេសកម្ពុជា អរិយធម៌បុរាណ វប្បធម៌ដ៏សំបូបែប ប្រជាជនប្រកបដោយស្នាមញញឹមរួសរាយរាក់ទាក់ទៅកាន់ប្រជាជនចិន ដើ់ម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនានៅប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានឯកភាព និងផ្តល់កិច្ចសហការលើគម្រោងអញ្ជើញអ្នកសារព័ត៌មាន និង influencers ល្បីៗ របស់ចិន មកប្រទេសកម្ពុជា ដើម្បីជ្រាប ពីសភាពការណ៍នយោបាយ សន្តិសុខ សង្គមពិតជាក់ស្តែង និងសុខសន្តិភាពរបស់ប្រទេសកម្ពុជាដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ ផ្តល់សុវត្ថិភាពជូនភ្ញៀវទេសចរគ្រប់រូប ៕