ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ហេង សំអូន ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ថ្លែងនាឱកាសសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ជាមួយពុកម៉ែ អ៊ុំពូមីង បងប្អូន នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប៉ែន វិបុល បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុវត្ថិភាព និងការរស់នៅរបស់ពុកម៉ែ អ៊ំពូមីង បងប្អូន ដែលកំពុងជួបទុក្ខលំបាកក្នុងគ្រាដែលត្រូវភៀសសឹក ចាកចោលពីផ្ទះសម្បែងបែបនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមផងដែរថា ការជួបជុំនៅថ្ងៃនេះ គឺដើម្បីផ្ដល់ការគាំទ្រលើកទឹកចិត្ត និងការឧបត្ថម្ភជាសម្ភារៈចាំបាច់មួយចំនួនដល់ ពុកម៉ែ ពូមីង បងប្អូន ដើម្បីបង្ហាញអំពីភាពរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំនៃខឿនការពារជាតិរបស់កម្ពុជា និងសូមថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់កងទ័ព និងគ្រប់បណ្តាកងកម្លាំងឈរជើងការពារព្រំដែនទាំងអស់ ដែលបានលះបង់យ៉ាងធំធេងទាំងសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារទឹកដីមាតុភូមិរបស់យើង។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្ដាំផ្ញើទៅដល់ឱ្យពុកម៉ែ អ៊ុំពូមីង បងប្អូនមានការប្រុងប្រយ័ត្ន និងរក្សាខ្លួននៅទីតាំងសុវត្ថិភាព បើទោះជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តឧត្តរមានជ័យ នៅតែបន្តមើលថែពុកម៉ែបងប្អូនភៀសខ្លួនទាំងអស់ រហូតដល់ពេលមានស្ថិរភាពនៅតំបន់ព្រំដែន ដែលអាចឱ្យពុកម៉ែបងប្អូនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ ហើយក៏សុំសំណូមពរឱ្យបងប្អូនភៀសសឹកកំពុងរស់នៅទីនេះ មេត្តាថែរក្សាសុខភាពជាចម្បង មានការប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ សូមឱ្យបងប្អូនសម្រាកក្នុងមុងឱ្យបានត្រឹមត្រូវ ជៀសវាងជំងឺគ្រុនឈាម ដោយសារបច្ចុប្បន្នជារដូវវស្សាមានភ្លៀងធ្លាក់ សម្បូរមូសគ្រប់ប្រភេទ ៕

































