កំពង់ស្ពឺ៖ នាថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង និងគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានរៀបចំកម្មវិធីរម្លឹកគុណនិវត្ដជន ដែលជាអតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ព្រមទាំងនាំយកនៅវត្ថុអនុស្សាវរីយ៍ជូននិវត្ដជន ចំនួន ៣៥នាក់ ក្នុងម្នាក់ទទួលបាន៖ ផ្លែឈើ ១កន្ដ្រក់, សារ៉ុង១, ក្រមា១ និងថវិកាមួយចំនួន ក្រោមអធិបតីភាពឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង។
លោក មោក ឌឹម មេឃុំដំណាក់រាំង បានថ្លែងថា ការជួបជុំគ្នានេះ គឺជាការរំលឹកដឹងគុណអតីតមន្ត្រីរាជការស៊ីវិល ដែលបានខិតខំតស៊ូអត់ធ្មត់ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល ក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសបានកសាងកេរ្តិ៍តំណែល និងស្នាដៃដ៏មានសារៈសំខាន់ ទាំងការផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗជាច្រើន សម្រាប់មន្ត្រីរាជការជំនាន់ក្រោយរៀនសូត្រ និងយកទៅអនុវត្តតាម។
លោកបានក្រើនរំលឹកដល់និវត្តន៍ជនទាំងអស់ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ និងខិតខំចូលរួមថែរក្សាការពារសមិទ្ធផលសង្គម ឱ្យបានគង់វង់យូរអង្វែង ដល់កូនចៅជំនាន់ក្រោយៗទៀត។ ព្រមជាមួយគ្នានេះដើម្បីពង្រឹងស្មារតីប្រកបដោយមនោសញ្ចេតនា កតញ្ញូតាធម៌ រវាងមន្រ្តីកំពុងបម្រើការងារ និងមន្រ្តីចូលនិវត្តន៍ ដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលាបំពេញការងារកន្លងមកប្រកបដោយឆន្ទៈមនសិការក្នុងបុព្វហេតុជាតិ និងប្រជាជន ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ដល់និវត្តជនជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលជាការផ្សាភ្ជាប់រវាងមន្ត្រីអន្តរជំនាន់ (មន្ត្រីជំនាន់មុននិងជំនាន់ក្រោយ)និងជាការបង្ហាញពីការអនុវត្តគោលនយោបាយរក្សាចាស់បង្កើតថ្មី ក្នុងស្មារតីបណ្តុះអ្នកវេន។
ក្នុងឱកាសនេះ ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងថា មុនឆ្នាំ២០១៥ កត្តាសេដ្ឋកិច្ច-សង្គម របស់ព្រះរាជាណាចក្រកម្ពុជានៅមានកម្រិតទាប ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងមានភាពសកម្មផ្តោតជាយុទ្ធសាស្ត្រលើអាទិភាពទាំង៤ គឺ៖ ភ្លើង ផ្លូវ ទឹក និងធនធានមនុស្ស នោះអត្រាប្រាក់សោធន៍និវត្តរបស់មន្រ្តីរាជការស៊ីវិលនៅមានកម្រិតមិនទាន់សមស្រប និងមិនទាន់មានសង្គតិភាពជាមួយស្ថានភាពនៃការរស់នៅជាក់ស្តែងនៅឡើយ គឺ ប្រាក់សោធននិវត្តន៍អតិបរមាគឺនៅរង្វង់ ៩០,០០០រៀល។ ខណៈស្ថានភាពសេដ្ឋកិច្ច-សង្គមមានដំណើរវិវឌ្ឍន៍ល្អប្រសើរជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច ៧.៧%ថេរ ចាប់ពីឆ្នាំ២០១៥ មក រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់សោធននិវត្តន៍អតិបរមាចាប់ពី ៣០០,០០០រៀល រហូតមកដល់បច្ចុប្បន្នគឺ ៨៤៥,០០០រៀល។
ជាមួយគ្នានេះ ឯកឧត្តមបានបន្តទៀតថា មន្ត្រីនិវត្តជនជាបុគ្គលដែលឆ្លងកាត់ការលំបាកយ៉ាងជូរចត់ក្នុងអតីតកាល និងការរៀបចំស្ដារឡើងវិញនូវប្រព័ន្ធរដ្ឋបាល ដែលជាការឆ្លងកាត់ការលំបាកជួបប្រទះព្យុះភ្លៀង ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន ហើយសមិទ្ធផលដែលកើតមានមកដល់សព្វថ្ងៃនេះ គឺបានមកពីការចូលរួមរបស់និវត្តជនកម្ពុជាទាំងអស់។ វីរភាពនិងសមិទ្ធិផលទាំងអស់នេះគឺទុកជាបទពិសោធន៍សម្រាប់មន្ត្រីរាជការបន្តវេនជំនាន់ក្រោយ ដើម្បីបន្តខិតខំសម្រេចឱ្យបានសមិទ្ធិផលថ្មីៗ បន្ថែមទៀតស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។ រាជរដ្ឋាភិបាល មានការគិតគូរដល់មន្ត្រីចូលនិវត្តន៍ មិនត្រឹមតែជាការផ្តល់កម្លាំងចិត្តដល់ពួកគាត់ដែលមានវ័យចាស់នោះទេ តែក៏បានផ្តល់កម្លាំងចិត្តដល់មន្ត្រីរាជការជំនាន់ក្រោយ ដែលនឹងចូលនិវត្តន៍នៅថ្ងៃអនាគតរិតតែមានឆន្ទៈមនសិការក្នុងការបម្រើជាតិមាតុភូមិ អស់ពីកម្លាំងកាយចិត្ត ដោយមិនព្រួយបារម្ភពីបញ្ហាជីវភាពពេលចូលនិវត្តន៍។ ការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភ ការដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការចូលនិវត្តន៍ និងការមើលថែពីសំណាក់ក្រុមគ្រួសារ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សចាស់គ្រប់រូប ធ្វើឱ្យពួកគាត់មានភាពកក់ក្តៅ មិនឯកា មានអារម្មណ៍សប្បាយចិត្តរស់បានអាយុវែង ព្រមទាំងបន្តរៀបចំការដំឡើងប្រាក់សោធន៍ដល់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនឱ្យមានសង្គតិភាពរវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ ក្នុងការរក្សាបាននូវស្ថេរភាពចំណូលក្រោយពេលចូលនិវត្តន៍។
ជាទីបញ្ចប់ ឯកឧត្តម ឈួរ សុបញ្ញា បានគោរពជូនពរសូមបួងសួងដល់បុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធក្នុងលោក និងទេវតាឆ្នាំថ្មី ជួយអភិបាលគ្រប់គ្រង ថែរក្សា គាំពារ និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់រៀបច្បង និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានសន្តានចិត្តជាកុសល យោគយល់អព្យាស្រ័យ សន្តោសប្រណី និងរួមសាមគ្គីគ្នា ក្នុងមហាគ្រួសារតែមួយ ក្រោមម្លប់សន្តិភាពតែមួយ និងកងទ័ពកម្ពុជាបន្តឈ្នះជាញជ័យលើបច្ចាមិត្រជាដរាប ៕