ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសមហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ។
សារលិខិតរបស់ឯកឧត្តម សុខ សូកេន ផ្ញើជូនឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន មានខ្លឹមសារដូច្នេះថា៖
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាចម្រើនជន្មាយុរបស់ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត គម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ និងភរិយា សូមសម្តែងនូវអំណរសាទរ ពោរពេញដោយមនោសញ្ចេតនាគោរព ស្រលាញ់យ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ដែលបានលះបង់អស់ពី កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបម្រើបុព្វហេតុ “ជាតិ សាសនា ព្រះមហាក្សត្រ” ជាពិសេសបាន ចូលរួមក្នុងដំណើរស្វែងរកនិងថែរក្សាសុខសន្តិភាព ការការពារជាតិ និងការកសាងសង្គមជាតិ រហូតទទួលបានការឯកភាពជាតិ ការរក្សាបាននូវអធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ។
នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា និងអភិបាលប្រោះព្រំសព្ទសាធុការពរគ្រប់ប្រការជូនចំពោះឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបនឹងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕