ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ថេង ច័ន្ទសង្វារ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្តកំពត គណ:អភិបាលនិងប្រធានក្រុមប្រឹក្សា ព្រមទាំងមន្ត្រីរាជការសាលាស្រុកបន្ទាយមាស បានអញ្ជើញជួបសំណេះសំណាល និងប្រគល់គ្រឿងឧបភោគបរិភោគនិងថវិកាដែលជាអំណោយរបស់សុប្បរសជន ប្រជាពលរដ្ឋ មន្រ្តីរាជការ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយមាស ទៅជូនកងកម្លាំងប្រដាប់អាវុធដែលកំពុងហ្វឹកហ្វឺននៅតំបន់ប្រតិបត្តិការសឹកខេត្តកំពត។
នាឱកាសនោះ ឯកឧត្តមអនុប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដោយសេចក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានខេត្តកំពត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនកងកម្លាំងយោធាដែលកំពុងឈរជើងនៅតំបន់ប្រតិបត្តិការសឹកខេត្តកំពត ដែលកំពុងហ្វឹកហាត់យ៉ាងម៉ត់ចត់ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការចេញទៅសមរភូមិមុខប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី។
អំណោយទាំងនោះរួមមាន៖ ថវិកា ៤២.០២៤.៤០០រៀល, គ្រឿងឧបភោគបរិភោគ៖ អង្ក ៣.០០០ គីឡូក្រាម, ត្រីខ ១១៨ឡូ, មីគុយទាវ ២៣០កេស, ទឹកត្រីទឹកស៊ីអ៊ីវ ៧៧យួរ, ភេសជ្ជៈ ៦៥កេស, ទឹកសុទ្ធ១៨៧កេស, ឆៃប៉ូវ ១៥០គីឡូក្រាម, សារុង កន្សែង ១០៨សម្រាប់ និងបន្លែ គ្រឿងទេសជាច្រើនមុខទៀត។
ជាទីបញ្ចប់ ឯកឧត្តមអនុប្រធាន បានផ្តាំផ្ញើបងប្អូនកងកម្លាំងត្រូវត្រៀមលក្ខណៈឱ្យបានខ្ពស់បំផុតនិងជាប់ជានិច្ចដើម្បីការពារជាដាច់ខាតសុខសន្តិភាពនិងបូរណភាពទឹកដី ស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕










