ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ ជូន បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។
បញ្ហាមួយទៀតត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ពាក់ព័ន្ធការត្រៀមទទួលបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញ ជាមួយនិងការជួយសម្របសម្រួលពេលដែលពួកគាត់ពឹងពាក់រកការងារធ្វើ។
ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ និងមន្ទីរពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងទៀតថា៖ មកដល់ពេលនេះបងប្អូនពលករកម្ពុជាយើង បាននឹងកំពុងសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះមានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃជាង៦០ម៉ឺននាក់ហើយ។ ដូច្នេះឯកឧត្ដម ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ពួកគាត់ ពោលគឺនៅពេលដែលពួកគាត់មកពឹងពាក់ស្វែងរកការងារធ្វើ អាជ្ញាធររបស់យើងត្រូវជួយសម្របសម្រួលជួយពួកគាត់ ដោយមិនគិតពីនិន្នាការនយោបាយអ្វីទាំងអស់ ព្រោះជាឈាមជ័រខ្មែរដូចគ្នា ខ្មែរតែមួយ។
ពាក់ព័ន្ធនឹងការងារខាងលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានសង្កត់ធ្ងន់ថា៖ អ្វីដែលអាជ្ញាធរមូលដ្ឋានទាំងអស់ធ្វើមិនបាន ត្រូវរាយការណ៍មកថ្នាក់រាជធានីភ្លាមៗ សំដៅធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋមានភាពកក់ក្តៅជាមួយអាជ្ញាធររបស់យើង។ អាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវត្រៀមអាហារសម្រាប់ប្រជាពលរដ្ឋ ដែលជាពលករត្រឡប់ពីក្រៅប្រទេស ចូលមកកម្ពុជាវិញផងដែរ តាមរយៈការដាក់អ្នកប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសម្រួលពួកគាត់ទាំងលើបញ្ហាជីវភាព និងការជួយសម្រួលស្វែងរកការងារធ្វើ ដោយមិនទុកឲ្យប្រជាពលរដ្ឋយើងឱ្យនៅឯកកោនោះទេ ៕



















