ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញដឹកនាំប្រតិភូក្រសួង ចុះសួរសុខទុក្ខ នាំយកអំណោយ និងថវិកាជូនកងកម្លាំងប្រដាប់អាវុធអង្គភាពបញ្ជាការដ្ឋាន បញ្ជូនសារនៃអគ្គបញ្ជាការ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។
មុននឹងចាប់ផ្តើមកម្មវិធី ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ បានដឹកនាំប្រតិភូទាំងអស់ គោរពវិញ្ញាណក្ខន្ធ វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។
ឧត្តមសេនីយ៍ទោ គឹម ហួត មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានបញ្ជូនសារ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក មែក ប៊ុន្នី នាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការ និងជាមេបញ្ជាការអង្គភាពបញ្ជូនសារ មានមតិស្វាគមន៍និងធ្វើរបាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូក្រសួង ស្តីពីវឌ្ឍនភាពការងាររបស់អង្គភាពបញ្ជាការដ្ឋាន បញ្ជូនសារនៃអគ្គបញ្ជាការ ដែលបានបំពេញភារកិច្ចជូនជាតិ មាតុភូមិ នាពេលកន្លងមកប្រកប ដោយការ ទទួលខុសត្រូវ និងទទួលបានជោគជ័យជាបន្តបន្ទាប់ៗ។
ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងកម្លាំងនៃអង្គភាពបញ្ជាការដ្ឋាន បញ្ជូនសារនៃអគ្គបញ្ជាការ ទាំងអស់ដោយក្តីនឹករលឹក។ ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះ សុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ និងក្រុមគ្រួសារ ជាពិសេសកងទ័ពសមរភូមិមុខ ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ក្រោយពីចុះកិច្ចព្រមព្រៀងបទឈប់បាញ់រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីថៃ តាមសំណើរបស់ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយមានវត្តមានតំណាង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសម្របសម្រួលពី ឯកឧត្តមនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេសុី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងមានកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ កាលពីថ្ងៃី៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជាបានអនុវត្ត និងគោរពយ៉ាងខ្ជាប់ខ្ជួនលើបទឈប់បាញ់ ដោយឈរលើស្មារតីនៃការឯកភាពគ្នាក្នុងកិច្ចព្រមព្រៀង ១៣ចំណុច។
ដោយឡែក នៅពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតវ៉ាជាផ្លូវការទៅភាគីថៃ លើការបន្តលុកលុយជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលជាការរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិ ដោយមានក្រុមសង្កេតអន្តរកាល (IOT) ដែលដឹកនាំដោយ អនុព័ន្ធយោធាម៉ាឡេសុី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេស (ប្រ៊ុយណេ ឥណ្ឌូនេសុី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាន និវេសនដ្ឋានក្នុងនិងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន៧ប្រទេស បានចេញទៅពិនិត្យទីតាំងជាក់ស្តែងផ្សេងៗគ្នា។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាយ៉ាងមុឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឲ្យបាននូវអធិបតេយ្យភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាដ៏ដោយ ៕