អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យតំណាង អ.ដ.ក.​ ចំនួន​៤​ នៅតាមខេត្តក្នុងភូមិភាគឦសាន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យតំណាង អ.ដ.ក.​ ចំនួន​៤​ នៅតាមខេត្តក្នុងភូមិភាគឦសាន


ភ្នំពេញ៖
នាថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យតំណាង អ.ដ.ក.​ ចំនួន​ ៤​ ប្រចាំនៅខេត្តរតនគិរី,​ ខេត្តក្រចេះ​,​ ខេត្តស្ទឹងត្រែង​ និងខេត្តមណ្ឌលគិរី។ 


ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ថ្នាក់ដឹកនាំ​ និងសមាជិកនៃ អ.ដ.ក., ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងនៃខេត្តរតនគិរី, ខេត្តក្រចេះ​,​ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី​ និងដោយមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍, ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តទាំង​៤​ សរុបប្រមាណជា​ ៥០០នាក់។


ការដាក់ឱ្យដំណើរការជាផ្លូវការនូវការិយាល័យតំណាង​អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនាពេលនេះ គឺជាព្រឹត្តការណ៍ជាប្រវតិ្តសាស្ត្រថ្មីមួយទៀតរបស់ អ.ដ.ក. ដែល​ អ.ដ.ក.​ បានបង្កេីតឱ្យមាននូវការិយាល័យតំណាង​របស់ខ្លួន​ នៅក្នុងខេត្តអាទិភាព​ ក្នុងគោលដៅធ្វើឱ្យប្រសើរទ្បើងនៃការផ្តល់សេវាដោះស្រាយវិវាទ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល និងប្រជាពលរដ្ឋងាយរងគ្រោះ ដែលនេះនឹងជួយគាំទ្រដល់ការអនុវត្តគោល​នយោបាយលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌ ស្របតាមចក្ខុវិស័យ​ដ៏ត្រឹមត្រូវនៃការកែទម្រង់ប្រព័ន្ធយុតិ្តធម៌នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


សូមបញ្ជាក់ជូនថា ការិយាល័យតំណាង អ.ដ.ក. នេះ នឹងដើរតួនាទីជាបណ្តាញការងាររបស់ អ.ដ.ក. និងមានសមត្ថកិច្ចសំខាន់ៗ ចំនួន៣ គឺ៖ (ទី១)-ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលស្នើសុំផ្សះផ្សាវិវាទ, (ទី២)-ធ្វើការសម្រុះ​សម្រួលដោះស្រាយវិវាទ និង (ទី៣)-សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វ​ផ្សាយអំពីយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. និងបណ្តុះបណ្តាលជំនាញនៃការដោះស្រាយវិវាទជូនដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ ៕






































Previous Post Next Post