ភ្នំពេញ៖ នាយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសំណេរដោយបកស្រាយរឿង២ ពាក់ព័ន្ធការធ្វើឃាដសម្តេច និងសម្តេចធិបតីនាយករដ្ឋមន្រ្តី និងរឿងបរទេសផ្តល់ដ្រូនកម្ពុជា និងថៃ ព្រមទាំងលក់គ្រាប់ និងយន្តហោះពីកូរ៉េខាងត្បូង ហើយស្នើមេត្តាកុំឲ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃ ទៅកាន់ប្រទេសផ្សេង។
សំណេរបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរគឺទីមួយទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឲ្យថៃ ការផ្តល់ដ្រូនពីចិនឲ្យកម្ពុជានិងការលក់គ្រាប់និងយន្តហោះពីកូរ៉េខាងត្បូងឲ្យថៃ ដើម្បីធ្វើឃាដលើ ហ៊ុន សែន និង ហ៊ុន ម៉ាណែត។ ទីពីរគឺការរៀបចំផែនការធ្វើឃាដពីសំណាក់មេដឹកនាំ
ថៃមកលើខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បញ្ហាទាំងពីរនេះបើមិនមានការបកស្រាយឬរំលត់ទេ វានឹងក្លាយជាបញ្ហាធំសម្រាប់ថ្ងៃក្រោយ។ ដូចនេះខ្ញុំសូមធ្វើការបកស្រាយដូចខាងក្រោម៖
១. រឿងដ្រូន និងអាវុធ ឬយន្តហោះទោះកម្ពុជា ឬថៃ បានមកពីប្រភពណាក៏ សូមមេត្តាកុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃទៅកាន់ប្រទេសផ្សេង ក្នុងពេលប្រទេសទាំងនោះកំពុងជួយដល់ការបញ្ឈប់ជម្លោះ និងគាំទ្រដល់ការឈប់បាញ់និងជំរុញឲ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
២. រឿងផែនការធ្វើឃាដរបស់មេដឹកនាំថៃមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រឿងនេះពិបាកនិងជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្តខ្ញុំ និង ហ៊ុន ម៉ាណែត ក៏ដោយក៏មេដឹកនាំថៃមិនទាន់ឈានដល់កំរិតអគុណធម៌មករៀបចំផែនការសម្លាប់ខ្ញុំ និង ហ៊ុន ម៉ាណែត នោះដែរ។
ក្នុងប្រវត្តិសាស្ត្រគេតែងតែរកវិធីសម្លាប់មេទ័ពដែលពូកែ ដើម្បីងាយយកឈ្នះលើសង្រ្គាមតែសម័យនេះមិនដូចសម័យមុនទេ គេត្រូវការមនុស្សដែលអាចនិយាយគ្នាបាន ដើម្បីកសាងសន្តិភាព។
កម្ពុជាក៏ត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំង ដើម្បីចរចារកសន្តិភាពបាន។ ឯថៃក៏ត្រូវការមេដឹកនាំកម្ពុជាណាដែលមានអំណាចខ្លាំង ដែលពេលនេះគឺមានតែ ហ៊ុន សែន និង ហ៊ុន ម៉ាណែតប៉ុណ្ណោះដើម្បីចរចាដែល ហ៊ុន ម៉ាណែត ចេញមុខចរចាដោយផ្ទាល់។ យោងលើហេតុផលនេះគឺ គ្មានមូលហេតុណាមួយដែលមេដឹកនាំថៃ មានគម្រោងសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះឡើយ។ ប្រសិនបើ ហ៊ុន សែន ឬ ហ៊ុន ម៉ាណែត ស្លាប់ដោយស្នាដៃមេដឹកនាំថៃមែនវាច្បាស់ជានិងកើតមាន ហ៊ុន សែន ឬហ៊ុន ម៉ាណែត រាប់មុឺនរាប់សែនរាប់លាននាក់ នៅលើទឹកដីកម្ពុជាភ្លាមដែល
វានឹងក្លាយជាសត្រូវសួរពូជពិបាករំលត់។ សម្រាប់ខ្ញុំក្តី ហ៊ុន ម៉ាណែតក្តី ក៏មិនមែនជាកូនសត្វកង្កែបដែលគេងាយនឹងសម្លាប់នោះដែរ។ទាំងនេះក៏ជាការពន្យល់បន្ថែមថា មេដឹកនាំថៃមិនរៀបចំផែនការដើម្បីសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះទេ។
នៅក្នុងផែនការសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត ដោយមេដឹកនាំថៃគេលើកថា និងប្រើយន្តហោះ។ ចំណុចនេះគួរតែប្រទេសដែលលក់យន្តហោះ ចម្បាំងឲ្យថៃ ត្រូវរឹតបណ្តឹងលើកិច្ចសន្យាប្រើប្រាស់យន្តហោះ ព្រោះកន្លងទៅនេះថៃបានប្រើយន្តហោះ ដែលទិញពីអាមេរិក និងស៊ុយអែត វាយចូលជ្រៅក្នុងទឹកដីកម្ពុជា។ កម្ពុជាមិនជំទាស់នឹងការលក់យន្តហោះចម្បាំងឲ្យថៃទេ តែសូមកុំឲ្យថៃប្រើប្រាស់យន្តហោះវាយប្រហារចូលទឹកដីកម្ពុជា ឬទឹកដីឡាវ ឬម៉ាឡើសុី ឬមីយ៉ាន់ម៉ា ដែលជាប្រទេសជាប់ព្រំដែនជាមួយថៃ» ៕

