ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអះអាងថា រដ្ឋបាលខេត្ត បានបន្តការអភិវឌ្ឍន៍ ទាំងផ្នែករូបវន្ត អរូបវន្ត និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។ ការថ្លែងបែបនេះក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍លទ្ធផល នៃអង្កេតនវានុវត្តន៍ខេត្តកំពង់ចាម ឆ្នាំ២០២៣ ដែលបានធ្វេីឡេីងនៅមន្ទីរផែនការខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ផ្អែកលើកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ប្រាំឆ្នាំ២០២៥-២០២៩, កម្មវិធីវិនិយោគ២០២៥-២០២៧ រួចរាល់ស្របតាមច្បាប់ស្តីពីការ គ្រប់គ្រង រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងបានបោះពុម្ព ហើយធ្វើការផ្សព្វផ្សាយ ជូនដល់អ្នកពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តទៅតាមផែនការដែលយើងគ្រោងទុក។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការអង្កេតនវានុវត្តន៍ បានឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងផ្នែកនវានុវត្តន៍ទាំងបួនរបស់ខេត្ត រួមមាន៖ ទី១-នវានុវត្តន៍ផលិតផល, ទី២-នវានុវត្តន៍ដំណើរការ ទី៣-នវានុវត្តន៍ ទីផ្សារ និងទី៤-នវានុវត្តន៍គ្រប់គ្រង ដែលត្រូវបានអនុវត្តដោយស្ថាប័នចម្បងៗទាំង៤ រួមមាន៖ ស្ថាប័នអាជីវកម្ម និងស្រាវជ្រាវរដ្ឋ, គ្រឹះស្ថានសិក្សាជាន់ខ្ពស់, សហគ្រាសអាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារនៅក្នុងខេត្តកំពង់ចាម។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា តាមរយៈការអង្កេតនវានុវត្តន៍នេះដែរ ខេត្តកំពង់ចាម បានប្រមូលទិន្នន័យលើស្ថាប័នអាជីវកម្ម និងស្រាវជ្រាវរដ្ឋ គ្រឹះស្ថានសិក្សាជាន់ខ្ពស់ សហគ្រាស អាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ២.១៧៧គោលដៅ មានចំនួនគ្រឹះស្ថានសំណាកគំរូ ចំនួន៣៦០ ផងដែរ ៕