ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានដឹកនាំប្រជុំដាក់ផែនការ ពង្រឹងកម្លាំង ប្រចាំការ ប្រចាំបញ្ជា និងត្រៀមលក្ខណៈអន្តរាគមន៍ ២៤ម៉ោង/ ២៤ម៉ោង ដើម្បីពង្រឹងដល់ការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការងារគ្រប់គ្រងជនជាប់ឃុំ និងត្រៀមអនុវត្តបទបញ្ជាពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធនាគារ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានប្រសាសន៍ឱ្យប្រធានការិយាល័យសន្តិសុខពន្ធនាគារ ដឹកនាំកម្លាំងអន្តរាគមន៍ ទៅហាត់សម អនុវត្តជាក់ស្តែង នៅទីតាំងព្រែកឯង រាល់ថ្ងៃសៅរ៍ចុងសប្តាហ៍។
បន្ថែមពីនោះ ឯកឧត្តមប្រធាន ក៏បានណែនាំឱ្យប្រធានវេន អនុប្រធានមណ្ឌលទទួលផែន ប្រធានការិយាល័យទាំង៥ ត្រូវរៀបចំផែនការ ត្រៀមសាកល្បងប្រកាសអាសន្ន ដោយមានការបែងចែកកម្លាំងមន្ត្រីឈរជើងនៅតាមគោលដៅ មានបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់ និងរៀបចំកម្លាំងសម្រាប់អន្តរាគមន៍ ដើម្បីទប់ស្កាត់និង បង្ក្រាបបទល្មើសភ្លាមៗ។
ជាទីបញ្ចប់ នៃកិច្ចប្រជុំ ឯកឧត្តមប្រធាន សូមកោតសរសើរ នឹងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះមណ្ឌលអប់រំកែប្រែទី១ នាពេលកន្លងមក ប្រកបដោយឆន្ទៈ ស្មារតីទទួលខុសត្រូវ និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អ។ ចំពោះកិច្ចប្រជុំនៅរសៀលនេះក្នុងគោលបំណង ពង្រឹងស្មារតី ពង្រឹងឧបករណ៍សំភារៈបច្ចេកទេស ពង្រឹងកម្លាំងមន្ត្រី ក្នុងកិច្ចការពារសន្តិសុខក្នុងមណ្ឌល និងត្រៀមលក្ខណៈទប់ស្កាត់ និងបង្ក្រាបរាល់ស្ថានការណ៍ ឬពេលមានគ្រោះអាសន្នណាមួយ ៕