ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងធនធានមូលដ្ឋានដែលមានស្រាប់” ជូនដល់មន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃវគ្គបណ្ដុះបណ្ដាលដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកន្លះ ដោយផ្ដោតទៅលើប្រធានបទសំខាន់ៗ ចំនួន៣ និងមានសិក្ខាកាមជាមន្ត្រីរាជការចាប់ពីប្រធានការិយាល័យរហូតដល់ថ្នាក់អគ្គនាយក អញ្ជើញមកពីបណ្ដាអង្គភាពក្រោមឱវាទក្រសួងសរុបប្រមាណ ២៣០រូប។
បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តមរដ្ឋមន្រ្ដី ឆាយ ប្ញទ្ធិសែន បានសម្ដែងនូវអំណរសាទរជូនចំពោះសិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នេះដោយជោគជ័យ និងបានថ្លែងអំណរគុណចំពោះគ្រូឧទេសទាំងអស់ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ ក៏ដូចជាការអនុវត្តជាក់ស្ដែងជូនដល់មន្រ្ដីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថាការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពគន្លឺះដ៏សំខាន់បំផុត នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ដូច្នេះការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ គឺឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការរួមចំណែកអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ឱ្យបានទទួលបានជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបន្តផ្តោតសំខាន់លើ ការពង្រឹង កំណែទម្រង់រដ្ឋបាលសាធារណៈ និង សមត្ថភាពរបស់ស្ថាប័ន ឱ្យមានភាពធន់ និងមានថាមពលខ្លាំងក្លាគឺ “ការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ” ដើម្បីបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង ជាបន្តបន្ទាប់។
ឯកឧត្តមរដ្ឋមន្រ្ដី បានបន្តមានប្រសាសន៍សង្កត់ធ្ងន់ទៀតថាជោគជ័យទាំងឡាយ ដែលយើងទាំងអស់គ្នាទទួលបានរហូតដល់បច្ចុប្បន្នគឺ ដោយសារគុណបំណាច់នៃ “សន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជា ព្រមទាំងវីរៈជនស្នេហាជាតិជាច្រើនរូបទៀត។ ជាគ្នានោះឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
១-ត្រូវចាត់តាំងបង្កើតគណៈកម្មាធិការអភិបាលកិច្ចក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារសម្របសម្រួលតាមអង្គភាពចំណុះក្រសួងអភិវឌ្ឍន៍ជនបទ។
២-ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាននៅថ្ងៃនេះទៅដឹកនាំអង្គភាព ដឹកនាំការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់សក្ដិសមទៅនឹងមន្រ្ដីរាជការមានគុណវុឌ្ឍិ គុណតម្លៃ ក្រមសីលធម៌វិជ្ជាជីវៈដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
៣-ត្រូវបន្តបង្កើតវគ្គបណ្ដុះបណ្ដាលអំពីជំនាញ បច្ចេកទេស អភិបាលកិច្ច ដើម្បីចូលរួមបង្កើនមូលធនមនុស្សនៅកម្ពុជា ទាំងវគ្គនៅក្នុងនិងក្រៅប្រទេសដែលមានរយៈពេលខ្លី មធ្យម និងវែងផងដែរ។
៤-ត្រូវចូលរួមសហការជាមួយអង្គភាព ក្រសួង ស្ថាប័ន ឱ្យកាន់តែល្អប្រសើរ ដើម្បីបន្តបង្កើតស្នាដៃរួម និងសមិទ្ធផលថ្មីៗបន្ថែមទៀតស្របតាមចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងផែនការយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល។
៥-ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំតាមរយៈការដឹកនាំជាសមូហភាព ដើម្បីបំពេញការងារមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការពង្រឹងវិន័យ និងបទបញ្ជាផ្ទៃក្នុង។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសជូនលិខិតថ្លែងអំណរគុណនិង វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់គ្រូឧទ្ទេស និងសិក្ខាកាមដែលបានចូលរួមក្នុងរយៈពេល ២ថ្ងៃកន្លះកន្លងមក ៕