ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពី "សុវត្ថិភាពផ្លូវថ្នល់ និងសវនកម្មសុវត្ថិភាពផ្លូវថ្នល់" ជូនដល់មន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លោកប្រធាននាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្រ្ដីរាជការ មន្រ្ដីជាប់កិច្ចសន្យា មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្តសរុប ១៣៦នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីស្រលាញ់ នឹករលឹក និងពរសព្វសាធុការពីសំណាក់ ប្រមុខថ្នាក់ដឹកនាំ ជូនចំពោះអង្គពិធីទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដេីម្បីសម្រេចបានកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាការចូលរួមអនុវត្តនៅគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនៅចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដែលមានកម្មវិធីអាទិភាពទាំង៥ ក្នុងនោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ គឺជាអាទិភាពទី១ ដែលក្រសួងកំពុងយកចិត្តទុក្ខដាក់ក្នុងការអនុវត្ត។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ជាក់ស្តែងវគ្គបណ្តុះបណ្តាលស្តីពី "សុវត្ថិភាពផ្លូវថ្នល់ និងសវនកម្មសុវត្ថិភាពផ្លូវថ្នល់" នាថ្ងៃនេះពិតជាមានសារសំខាន់ណាស់ ដើម្បីពង្រឹងបន្ថែមលើសមត្ថភាពមន្រ្តីលេីការងារបច្ចេកទេសសុវត្ថិភាពផ្លូវជនបទ ការពង្រឹងសុវត្ថិភាពលើការប្រើប្រាស់យានយន្ត និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ។ វគ្គបណ្ដុះបណ្ដាលនេះនឹងផ្តល់ឱកាសដល់ សិក្ខាកាម បានពិភាក្សាគ្នា ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក អំពីការប្រើប្រាស់ផ្លូវជនបទប្រកបដោយសុវត្ថិភាព។
ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនបន្ថែមទៀតអំពីកត្តាផ្សេងៗដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងនោះរួមមានកត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវថ្នល់ ដែលតម្រូវឱ្យការយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណាជៀសវាង និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជនបទ។
ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ដែលជាទីប្រឹក្សាបច្ចេកទេសអន្តរជាតិនៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីទទួលបានជាចំណេះដឹងថ្មីៗ និងបទពិសោធន៍បន្ថែមទៀត សម្រាប់យកទៅអនុវត្តនៅតាមអង្គភាពប្រកបដោយមានប្រសិទ្ធភាពលើសុវត្ថិភាពផ្លូវថ្នល់ និងសវនកម្មសុវត្ថិភាពផ្លូវថ្នល់នៅព្រះរាជណាចក្រកម្ពុជា ៕