ក្រសួងបរិស្ថាន និង GGGI ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងបរិស្ថាន និង GGGI ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០


ភ្នំពេញ៖
នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត.Malle Fofana,នាយកប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

លោកបណ្ឌិត Malle បានសម្តែងការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការជំរុញចក្ខុវិស័យបរិស្ថានរបស់កម្ពុជា។ ដោយលោកបានបញ្ជាក់ថា GGGI ត្រៀមខ្លួនជានិច្ចក្នុងការបកប្រែចក្ខុវិស័យនេះទៅជាសកម្មភាពជាក់ស្តែង និងបានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថានសម្រាប់ការគាំទ្រ និងការសម្របសម្រួលកន្លងមក។ លើសពីនេះ លោកបណ្ឌិត Malle បានបញ្ជាក់ទៀតថា GGGI នឹងបន្តជួយកម្ពុជាពង្រឹងសមត្ថភាពដើម្បីក្លាយជាអង្គភាពទទួលស្គាល់ (Accredited Entity) ក្នុងមូលនិធិអាកាសធាតុបៃតង (GCF) ដែលជាគន្លឹះឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុក្នុងវិស័យបរិស្ថាន។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ GGGI ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង និងចីរភាព ហើយមិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ យុទ្ធសាស្រ្តនៃភាពស្អាត ភាពបៃតង ដោយចីរភាព បានរួមចំណែកទៅដល់ការកាត់បន្ថយការកើនឡើងកម្តៅភពផែនដីដែលជាមូលហេតុចម្បងធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ គំនិតផ្តួចផ្តើមពាណិជ្ជកម្មកាបូន ដោយរួមបញ្ចូលវិស័យកសិកម្ម វិស័យសំណល់ វិស័យព្រៃឈើ (REDD+) និងការដាំដុះព្រៃឈើឡើងវិញ គឺជាការលើកទឹកចិត្តឱ្យវិនិយោគិនរួមចំណែកដាំដុះព្រៃឈើឡើងវិញនៅកម្ពុជា ដែលជាថ្នូរនឹងឥណទានកាបូនរយៈពេល១៥ឆ្នាំ ស្របតាមការអនុវត្តមាត្រា ៦.២ នៃអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអាចរួមចំណែកដល់ការកាត់បន្ថយបន្ទុកថវិការដ្ឋរបស់កម្ពុជា និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ 

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃ ការដាំដុះព្រៃឈើឡើងវិញ ជាពិសេសនៅតំបន់ បឹងទន្លេសាប ដែលមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចជាតិ ដោយក្រសួងបានផលិតកូនឈើរាប់លានដើមដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងជំរុញឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការដាំដុះព្រៃឈើឡើងវិញ។

សូមរម្លឹកជូនថា យោងតាមបទពិសោធន៍ជោគជ័យរបស់ក្រសួងបរិស្ថាន ដោយបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស ប្រជាពលរដ្ឋរាប់លាននាក់។ បន្តមក យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការបន្តបន្ទាប់នឹងចែកធុងសំរាម ដើម្បីប្រមូលទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ដែលផ្តល់ប្រយោជន៍ដល់ភាពស្អាត ហើយនឹងសេដ្ឋកិច្ចមូលដ្ឋាន។ ក្រៅពីនេះ ក្រសួងក៏បានបន្តពង្រឹងការគ្រប់គ្រងសំណល់រាវ ដោយបានបញ្ឈប់ការបញ្ចេញសំណល់រាវដែលជាប្រភពបំពុលទៅក្នុងប្រភពទឹកសាធារណៈឱ្យបានត្រឹមឆ្នាំ២០២៦ និងបានដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះរោងចក្រ សហគ្រាសទាំងឡាយណាដែលមិនបានអនុវត្ត និងគោរពតាមបទបញ្ញាត្តិច្បាប់ ក្រមបរិស្ថាន និងធនធានធម្មជាតិ ៕










Previous Post Next Post