ភ្នំពេញ៖ ទិវាមច្ចាជាតិនេះ ត្រូវបានរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តរតនគិរី ប្រារព្ធធ្វើឡើងនៅបឹងកន្សែង ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ។
លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា ទិវាមច្ឆាជាតិ នាថ្ងៃនេះ កូនត្រីចំរុះប្រមាណ ៤០.០០០ក្បាល និងមេត្រីពូជមួយចំនួនទៀតនឹងធ្វើការលែងចូលបឹង កន្សែង ដូចជា៖ ត្រីក្រាញ់ ត្រីកន្ធរ ត្រីអណ្តែង និងត្រីរ៉ស់ ដើម្បីធ្វើឲ្យ អាងទឹកនេះសម្បូរណ៍ទៅដោយត្រី សម្រាប់បម្រើគោលដៅទេសចរ និងសេចក្តីត្រូវការហូបចុករបស់ប្រជា ពលរដ្ឋក្នុងតំបន់ ខាងក្រោមនៃបឹងនេះ។
លោកបន្តថា ប៉ុន្មានឆ្នាំកន្លងមកនេះ ខណ្ឌរដ្ឋបាលជលផលខេត្តរតនគិរី បានលែងកូនត្រីពូជ រាប់ម៉ឺនកូន និងលៀស រាប់តោន ទៅក្នុងដែនទឹកធម្មជាតិ ដែលជាជម្រកត្រីសហគមន៍ និងជាកន្លែងស្តុកម្ហូបអាហារសម្រាប់ប្រជាជន ក្នុងខេត្តរតនគិរី។ ហើយ តាមព័ត៌មានពីប្រជានេសាទនៅតាមទីតាំងដែលបានលែង លាស និងត្រី ផលនេសាទ មានការកើនឡើងគួរអោយកត់សំគាល់ នៅតាមដែននេសាទធម្មជាតិ។
មានមតិសំណេះសំណាលនាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានលើកឡើងថា ទិវាមច្ឆជាតិ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំស្របតាមច្បាប់ស្តីពីជលផល ក្នុងឆ្នាំនេះយើងបានរៀបចំនៅបឹងកន្សែង ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និង អភិវឌ្ឍន៍វិស័យជលផល ក្នុងទិសដៅធានានិរន្តរភាព នៃធនធានជលផល ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននិងកំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ និងផែនការអភិវឌ្ឍវិស័យកសិកម្មដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការធានា សន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាកសិករ ប្រកបដោយនិរន្តភាព កសិកម្ម បរិស្ថាន និងសេដ្ឋកិច្ច ដោយសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទន។ ជាក់ស្តែងកំណើនវិស័យ កសិកម្មមានការប្រែប្រួលជាមធ្យម ក្នុងចន្លោះពី ០,២% ទៅ ១,១% ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ (គិតជាតម្លៃថេរ) ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
លើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ត្រូវផ្សារភ្ជាប់ការធ្វើអាជីវកម្មទៅនឹងការអភិរក្សជលផល ការធ្វើវារីវប្បកម្ម និងការពារបរិស្ថាន គឺជាបញ្ហាដែលមានសារៈសំខាន់ និងមានតម្លៃបំផុតសម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើន។ ដូច្នេះ យើងត្រូវប្តេជ្ញារួមគ្នាការពារ អភិរក្ស និងគ្រប់គ្រងធនធាន ជលផល ធម្មជាតិដែលមានតម្លៃធំធេងនេះឲ្យខាងតែបាន ដើម្បីរក្សាជាកេរ្តិ៍ដំណែលដល់កូនចៅយើងជំនាន់ក្រោយៗទៀត ៕
















